ការធ្វើតេស្ត ១៤៣នាក់ដំបូង ក្នុងចំណោមអ្នកពាក់ព័ន្ធនឹងបុរសម្នាក់ដែលមានវិជ្ជមានកូវីដ១៩ នៅសៀមរាប ទទួលបានលទ្ធផលអវិជ្ជមានទាំងអស់

អ្នកពាក់ព័ន្ធនឹងបុរសរកឃើញជំងឺកូវីដ១៩ នៅក្នុងក្រុងសៀមរាប ប្រមាណ ៤០០នាក់ ត្រូវបានក្រុមគ្រូពេទ្យចាត់ចែងយកសំណាក និងប្រឹក្សាសុខភាព ព្រមទាំងតម្រូវឱ្យធ្វើចត្តាឡីស័ក។ ក្នុងនោះមនុស្សប្រមាណ ១៤៣នាក់ លទ្ធផលបានបង្ហាញថា ពួកគេអវិជ្ជមាន។

យោងតាមការបញ្ជាក់របស់ប្រធានក្រុមគ្រូពេទ្យ ប្រចាំការនៅមណ្ឌលចត្តាឡីស័ក បានឲ្យដឹងថា ប្រជាពលរដ្ឋពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍២០កុម្ភៈ ដោយពាក់ព័ន្ធបុរសទើបរកឃើញវិជ្ជមានកូវីដ១៩នោះ បានស្ម័ត្រចិត្តធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័ក និងនៅតាមផ្ទះ សម្រាប់អ្នកពាក់ព័ន្ធប្រយោល។ សម្រាប់អ្នកពាក់ព័ន្ធដោយផ្ទាល់ត្រូវបានក្រុមគ្រូពេទ្យយកសំណាកទៅពិនិត្រ រកមេរោគកូវិដ១៩។

ក្រុមគ្រូពេទ្យបានណែដល់ប្រជាពលរដ្ឋមានបញ្ហា និងអការៈមិនស្រួលក្នុងខ្លួន ប្រញាប់មកកាន់មណ្ឌលចត្តាឡីស័កជាបន្ទាន់ ដោយមិនត្រូវទៅព្យាបាលនៅកន្លែងផ្សេងបានឡើយ ដើមី្បបង្កាកុំឲ្យមានឆ្លងរាលដាលជាសហគមន៍។

សូមបញ្ជាក់ថា នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ រដ្ឋបាលខេត្តសៀមរាប បានរកឃើញបុរសម្នាក់ ឈ្មោះ ម៉ាប់ វ៉ុន អាយុ ៣៥ឆ្នាំ កើតជំងឺកូវីដ១៩។

អ្នកជំងឺកូវីដ១៩រូបនេះ បានធ្វើការងារនៅភូមិដីឥដ្ឋ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ នៅថ្ងៃទី០៧ ខែមីនា រូបគេបានធ្វើដំណើរទៅកាន់ខេត្តសៀមរាប។

ពេលរូបគេលេចចេញអការៈជំងឺ បានស្វះស្វែងរកព្យាបាលជំងឺនៅកន្លែងព្យាបាលជំងឺចំនួន៤ ដោយព្យាយាមលាក់ប្រវត្តិនៃការធ្វើដំណើររបស់គេ។

ពាក់ព្រឹត្តិការណ៍នេះអាជ្ញាធរបានចាត់វិធានការណ៍ភ្លាមៗ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺ។ អាជ្ញាធរសម្រេចបិទសង្កាតគោកចក និងបិទកន្លែងព្យាបាលជំងឺដែលពាក់ព័ន្ធចំនួន៤។ កន្លែងសម្រាកព្យាបាលជំងឺដែលផ្អាកដំណើរការនេះរួមមាន៖ មន្ទីរសម្រាកព្យាបាល «៧៧៧» ស្ថិតនៅភូមិសាលាកន្សែង, មន្ទីរពហុព្យាបាលសុខភាព ស្ថិតនៅភូមិតាភុល សង្កាត់ស្វាយដង្គំ, បន្ទប់ពិគ្រោះព្យាបាលជំងឺ «ទូច កូ» ស្ថិតនៅភូមិទក្សិណខាងត្បូង និងបន្ទប់ថែទាំវេជ្ជសាស្ត្រ «ចាវ ចាន់» ស្ថិតនៅភូមិគោកតាចាន់ សង្កាត់គោកចក៕