ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន និងដកហូតវត្ថុតាងមួយចំនួនធំ

កម្លាំងជំនាញប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកស្នួល ដឹកនាំដោយលោកវរសេនីយ៍ឯក ចាន់ សុខគីម អធិការនគរបាលស្រុក នៅថ្ងៃទី២២ ខែមីនា បានធ្វើការស្រាវជ្រាវបង្រ្កាបករណីជួញដូរនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចលើផ្លូវលំទំនប់ថ្ពង ភូមិថ្ពង ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ។

ក្នុងនោះនគរបាលបាន ឃាត់ខ្លួនជនសង្ស័យបាន១នាក់ ឈ្មោះឈាន ប៊ុនណា អាយុ៣១ឆ្នាំ រស់នៅចំនុចខាងលើ។ ហើយថែមទាំងដកហូកបានម្សៅក្រាមពណ៌សសង្ស័យជាគ្រឿងញៀនប្រភេទមេតំហ្វេតាមីនចំនួន០៨កញ្ចប់(០២កញ្ចប់ធំ និង ០៦កញ្ចប់មធ្យម) បំពង់កែវកែច្នៃសម្រាប់ជក់គ្រឿងញៀនចំនួន០១, ប្រអប់ជ័រសម្រាប់ដាក់គ្រឿងញៀនចំនួន០១, ថង់ខ្មៅសម្រាប់ច្រកសម្ភារះចំនួន០១, ថង់សម្រាប់ច្រកគ្រឿងញៀនមួយចំនួន ,ទូរស័ព្ទម៉ាកVIVO ពណ៍ខ្មៅចំនួន០១គ្រឿង និងម៉ូតូម៉ាកយ៉ាម៉ាហាអិចសៃទ័រYamaha Exciter ពណ៌ខៀវ បិតស្គត់ពណ៌ទឹកប្រាក់ សេរីឆ្នាំ២០១៩ គ្មានស្លាកលេខចំនួន០១គ្រឿង៕