ទីបំផុតនគរបាលឃាត់បានជនសង្ស័យក្នុងករណីឃាតកម្ម បណ្តាលឲ្យជនរងគ្រោះ០២នាក់ស្លាប់ជាបន្តបន្ទាប់

បន្ទាយមានជ័យ៖ នគរបាលខេត្តបន្ទាយមានជ័យបង្ហាញមុខជនសង្ស័យក្នុងករណីមនុស្សឃាត បណ្តាលឲ្យជនរងគ្រោះម្នាក់បានស្លាប់នៅកន្លែងកើតហេតុនិងម្នាក់ទៀត រងរបួសធ្ងន់ក្រោយមកបានស្លាប់នៅមន្ទីរពេទ្យ ។

លោកវរសេនីយ៍ឯក ភឿង ម៉ាន់សឹង្ហ នាយការិយាល័យនគរបាលកំរិតធ្ងន់បានឲ្យដឹងថា៖ នៅវេលាម៉ោង០៣និង៤០នាទីទាបភ្លឺថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ មានករណីឃាតកម្ម កើតឡើងនៅចំណុចបន្ទប់ជួលខាងលិចសកលវិទ្យាល័យគ្រប់គ្រងនិងសេដ្ឋកិច្ចហិរញ្ញវត្ថុ សាខាខេត្តបន្ទាយមានជ័យ(UME)ស្ថិតក្នុងភូមិខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បណ្តាលឲ្យជនរងគ្រោះ០១នាក់ ឈ្មោះ ឈី ហាក់ ភេទប្រុស អាយុ៣៦ឆ្នាំ នៅភូមិទួលតាម៉ៅ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង មុខរបរជាងដែក ត្រូវជនសង្ស័យកាប់ត្រូវកញ្ចឹងក ផ្នែកខាងក្រោយស្លាប់នៅនឹងកន្លែងកើតហេតុ ។ជនរងគ្រោះ០១នាក់ទៀតឈ្មោះ រ៉ាត់ ពេជ្រ ភេទប្រុសអាយុ២០ឆ្នាំ នៅភូមិ២ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ត្រូវរបួសធ្ងន់ត្រង់ផ្នែកសៀតថ្កាខាងឆ្វេង មុតផុងលលាដ៍ក្បាល ដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ជប៉ុន នៅស្រុកមង្គលបូរី ក្រោយមកបានស្លាប់នៅមន្ទីរពេទ្យ ។ជនសង្ស័យក្រោយពីធ្វើសកម្មភាពរួចបានរត់គេចខ្លួន ។

លោកនាយការិយាល័យ នគរបាលកំរិតធ្ងន់បានបញ្ជាក់ថា៖ដោយអនុវត្តតាមបទបញ្ជារបស់លោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ។កម្លាំងនគរបាលជំនាញការិយា​ល័យព្រហ្មទណ្ឌកំរិតធ្ងន់ ដឹកនាំបញ្ជាផ្ទាល់លោកឧត្តមសេនីយ៍ត្រី នូ ជីវ័ន្ត ស្នងការរង ផែនការងារព្រហ្មទណ្ឌ បានប្រតិបតិ្តការស៊ើបអង្កេតស្រាវជ្រាវ តាមវិធានការជំនាញឈានដល់ឃាត់ខ្លួនជនសង្ស័យ០១នាក់ ឈ្មោះ ចាន់ សំណាង (ហៅវ៉ច) ភេទប្រុស អាយុ១៩ឆ្នាំ នៅភូមិបាណយ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ មុខរបរជាបុគ្គលិកហាងស៊ុបពពែចម្ការខ្នុរ មកធ្វើការសួរនាំ នៅស្នងការដ្ឋាននគរបាលខេត្ត។

លោកឧត្តមសេនីយ៍ត្រី នូ ជីវ័ន្ត ស្នងការរង ផែនការងារនគរបាលព្រហ្មទណ្ឌ បានបញ្ជាក់ថា៖ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យ បានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពយកកាំបិតកាប់ទៅលើជនរងគ្រោះទាំង០២នាក់នោះមែន ព្រោះតែគេខឹងនិងជនរងគ្រោះ ឈ្មោះ រ៉ាត់ ពេជ្រ បានវាយក្បាលគេចំនួន ០២ដៃពីថ្ងៃមុនដោយចោទថាខ្លួនបានទាក់ទងស្រីស្នេហ៍របស់គេ មានឈ្មោះ ឌុក ស៊ៀវម៉ី អាយុ១៤ឆ្នាំ នោះដែលជាប្រពន្ធរបស់ខ្លួន។ នៅយប់ថ្ងៃកើតហេតុ ឈ្មោះ រ៉ាត់ ពេជ្រ បានឈ្លោះជាមួយខ្លួនតាមទូរស័ព្ទ រួចឈ្មោះ​​​ រ៉ាត់ ពេជ្រ បានឲ្យឈ្មោះ ឈីវ ហាក់ ជិៈម៉ូតូ០១គ្រឿងម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ប.មានជ័យ 1T-4518 ឌុបមករកប្រពន្ធរបស់ខ្លួនដល់បន្ទប់ដែលពួកគេជួលនៅ ខ្លួនបានពួនសម្ងំនៅខាងក្រៅ ពេលនោះ ឈ្មោះ ពេជ្រ ជិៈម៉ូតូមកដល់ បានដើរចូលទៅរកបន្ទប់របស់ខ្លួនដែលប្រពន្ធខ្លួនកំពុងដេក ចំណែកឈ្មោះ ហាក់ អង្គុយនៅលើម៉ូតូ បន្ទាប់មកខ្លួនគេបានលោបទៅកាប់ឈ្មោះ ហាក់ ០១កាំបិតត្រូវខាងក្រោយក្បាលប្រកាច់ស្លាប់នៅកន្លែង រួចបន្តទៅកាប់ឈ្មោះ ពេជ្រ ដែលកំពុងដើរទៅបន្ទប់ប្រពន្ធខ្លួន បណ្តាលឲ្យរងរបូសធ្ងន់ ។ ក្រោយមកខ្លួនបានជិៈម៉ូតូជាមួយមិត្តភក្រ្ត័គេដើម្បីគេចខ្លួន និងយកកាំបិតទៅចោលក្រោមស្ពានស្ទឹងទឹកថ្លា ។

លោកឧត្តមសេនីយ៍ ស្នងការរង​ ផែនការងារ បានបញ្ជាក់ថា៖ករណីនេះគឺជារឿងស្នេហាត្រីកោណ ទើបឈានដល់ករណីអំពើហឹង្សា ។ បច្ចុប្បន្នជនសង្ស័យឈ្មោះ ចាន់ សំណាង ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់កំពុងសាកសួរចម្លើយ និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនិតិវិធីច្បាប់ ៕

ប្រភព ព័ត៌មាន