ជនជាតិកូរ៉េខាងជើងម្នាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរឃុំឃាំងនៅសហរដ្ឋអាមេរិកហើយ ក្រោយរូបគេត្រូវបានម៉ាឡេស៊ីធ្វើបត្យាប័ន

អាមេរិក៖ ជនជាតិកូរ៉េខាងជើងម្នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរឃុំឃាំង នៅក្នុងសហរដ្ឋអាមេរិកហើយ កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងទៅនេះ (ម៉ោងក្នុងតំបន់) ក្រោយរូបគេត្រូវបានម៉ាឡេស៊ីធ្វើបត្យាប័ន ។

លោក Mun Chol Myong កំពុងជាប់ឃុំក្នុងមន្ទីរឃុំឃាំងរបស់ FBI ក្នុងរដ្ឋធានីវ៉ាស៊ីនតោនឌីស៊ី ដោយរូបលោកកំពុងប្រឈមមុខនឹងបទ ចោទលាងលុយកខ្វក់ ហើយបានក្លាយជាជនជាតិកូរ៉េខាងជើងដំបូងគេបំផុត ដែលត្រូវបានធ្វើបត្យាប័ន ទៅកាន់សហរដ្ឋអាមេរិក ដើម្បីប្រឈមមុខនឹងសវនាការ ។ ការធ្វើបត្យាប័នបុរសកូរ៉េខាងជើងខាងលើនេះទៅកាន់សហរដ្ឋអាមេរិក បានធ្វើឱ្យទំនាក់ទំនងការទូតរវាងទីក្រុងព្យុងយ៉ាង និងទីក្រុងគូឡាឡាំពួរត្រូវបានកាត់ផ្ដាច់ ដោយភាគីទាំងពីរសុទ្ធតែបានប្រកាសពីការបិទស្ថានទូតប្រទេសរៀងៗខ្លួន ។

សូមជម្រាបថា សហរដ្ឋអាមេរិកបានចេញដីកាចាប់ខ្លួនលោក Mun Chol Myong កាលពីខែឧសភា ឆ្នាំ២០១៩ ពីបទលាងលុយកខ្វក់ និងបទសមគំនិតក្នុងបទល្មើសជាច្រើនទៀត ។ លោក Mun មានអាយុប្រហែលជា ៥០ឆ្នាំ បានរស់នៅក្នុងប្រទេសម៉ាឡេស៊ីអស់រយៈពេលជាង ១០ឆ្នាំ និងត្រូវបានឃាត់ខ្លួនកាលពីខែឧសភា ឆ្នាំ២០១៩ បន្ទាប់ពីមានសំណើធ្វើបត្យាប័នពីសហរដ្ឋអាមេរិក ៕