ប្តីប្រពន្ធមួយគូប្រចាំគ្នាធ្វើម្ហូប បណ្តាលឲ្យមានអំពើហិង្សាក្នុងគ្រួសារ ម្នាក់ដេកពេទ្យ ឯម្នាក់ទៀតប៉ូលិសឃាត់ខ្លួន

ខេត្តត្បូងឃ្មុំ៖ កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង១៦:២០នាទី។ នៅចំណុចភូមិឡ ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ មានករណីហិង្សាក្នុងគ្រួសារ មួយកើតឡើង បង្កឡើងដោយប្តីឈ្មោះ ហាន ហន អាយុ៣៦ឆ្នាំជាតិខ្មែរ មានទីលំនៅភូមិឡ ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បានយកកញ្ចាក់ម៉ូតូគប់ទៅលើប្រពន្ធឈ្មោះ ឆោម ឈាង អាយុ៣៦ឆ្នាំ បណ្តាលឲ្យរងរបួសមួយកន្លែង នៅលើក្បាល បញ្ជូនទៅព្យាបាលរបួសនៅមន្ទីរពេទ្យ ។

មូលហេតុទំនាស់រឿងប្រចាំគ្នាធ្វើម្ហូប កើតជាទំនាស់ពាក្យសម្តី ឈានដល់ការប្រើអំពើហិង្សាតែម្តង ។ ក្រោយកើតហេតុ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកោងកាង និងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលស្រុក បានចុះ ទៅដល់កន្លែងកើតហេតុធ្វើការស្រាវជ្រាវ និងកសាងសំណុំរឿងតាមនីតិវិធី ។

ជនរងគ្រោះ (ជាប្រពន្ធ) សំណូមពរឲ្យសមត្ថកិច្ចចាប់ខ្លួនឈ្មោះ ហាន ហន ធ្វើតាមច្បាប់ ។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានបញ្ជូនមកអធិការដ្ឋាន និងកសាងសំណុំរឿងតាមនីតិវិធី និងបញ្ជូនទៅតុលាការ ៕