កម្ពុជាត្រៀមលក្ខណៈធ្វើការស្រាវជ្រាវនិងអភិវឌ្ឍន៍បច្ចេទេសសុនខ ហិតរកអ្នកផ្ទុកកូវីដ១៩

អគ្គនាយកស៊ីម៉ាក់៖ ផ្អែកតាមគំនិតផ្តួចផ្តើមនិងអនុសាសន៍ដ៍ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ បានប្រគល់ភារកិច្ចជូនក្រសួងសុខាភិបាលនិងអង្គភាពសុីម៉ាក់ ឱ្យរៀបចំកម្មវិធីសិក្សាស្រាវជ្រាវនិងអភិវឌ្ឍន៍សុនខជាជំនួយហិតរកអ្នកផ្ទុកវីរុសកូរ៉ូណា (កូវីដ១៩)ដោយមានក្រុមអ្នកវិទ្យាសាស្ត្រវេជ្ជសាស្ត្រនិងក្រុមអ្នកជំនាញសុនខ សិក្សារួមគ្នា។

គំនិតផ្តួចផ្តើមនេះ បង្ហាញពីការគិតគូររបស់សម្តេចតេជោ ក្នុងការស្វែងរកគ្រប់វិធីសាស្ត្រដែលអាចធ្វេីទៅបាន ដើម្បីប្រយុទ្ធប្រឆាំងជម្ងឺកូវីដ១៩! ។

ព្រឹកថ្ងៃពុធ ទី២៤ ខែមីនា ឆ្នាំ២០២១ អគ្គនាយកស៊ីម៉ាក់បានចុះមកពិនិត្យការងារសុនខនៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពមីនសុីម៉ាក់ខេត្តកំពង់ឆ្នាំង ដើម្បីរៀបចំត្រៀមលក្ខណៈធ្វើការស្រាវជ្រាវនិងអភិវឌ្ឍន៍បច្ចេទេសសុនខហិតរកអ្នកផ្ទុកវីរុសកូរ៉ូណា(កូវីដ១៩)។

ផ្អែកតាមបទពិសោធន៍ជាង២២ឆ្នាំ ក្រុមអ្នកបច្ចេកទេសសុនខនៃអង្គភាពស៊ីម៉ាក់ មានទំនុកចិត្តអាចហ្វឺកហ្វឹនសុនខនៅកម្ពុជា ក្នុងការហិតរកអ្នកផ្ទុកវីរុសកូរ៉ូណាបាន។

អង្គភាពស៊ីម៉ាក់ ត្រៀមសុនខ ត្រៀមឯកសារហ្វឹកហ្វឺន រៀបចំទីតាំងហ្វឹកហ្វឺន និងអ្នកឯកទេសសំរាប់បំរើការងារសិក្សាស្រាវជ្រាវនេះ ដោយត្រៀមធ្វើការសហការជាមួយអ្នកវិទ្យាសាស្ត្រវេជ្ជសាស្ត្រនៃក្រសួងសុខាភិបាល។

អគ្គនាយកស៊ីម៉ាក់បានពិភាក្សាការងារនេះជាមួយឯ.ឧសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដោយឯ.ឧរដ្ឋមន្ត្រីប្រគល់ភារកិច្ចឱ្យសកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលជាអនុវត្តផ្ទាល់ជាមួយអង្គភាពស៊ីម៉ាក់។

សូមបញ្ជាក់ថា មានប្រទេសមួយចំនួនដូចជា អាល្លឺម៉ង់ ហ្វាឡង់ អូស្ត្រាលី រុស្ស៊ីជាដើមបាននិងកំពុប្រើប្រាស់សុនខជាជំនួយហិតរកអ្នកផ្ទុកវីរុសកូរ៉ូណា ៕

ប្រភព៖ អគ្គនាយកស៊ីម៉ាក់