យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះសេសសល់ពីសម័យសង្រ្គាមត្រូវបានប្រទះឃើញថែមទៀតនៅថ្ងៃនេះក្នុងស្រុកគាស់ក្រឡ

ខេត្តបាត់ដំបង៖ នៅថ្ងៃទី ២៤ ខែ មីនា ឆ្នាំ២០២១ នេះប្រជាពលរដ្ឋរស់នៅភូមិសំរោង ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង បានកាប់គាស់ដីចម្ការរបស់គាត់ដើម្បីបង្កបង្កើនផលដូចរៀងរាស់ឆ្នាំ តែឆ្នាំនេះពេលកំពុងគាស់កាយដីក៏បាន ប្រទះឃើញយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះដែលសេសសល់ពីសម័យសង្រ្គាម ជាច្រើនគ្រាប់ ហើយភ្លាមៗប្រជាពលរដ្ឋជាម្ចាស់ចំការបានរាយការណ៍ជូនសមត្ថកិច្ចនគរបាលនៅមូលដ្ឋាននោះ។

នៅពេលទទួលបានព័ត៌មាននេះ លោកវរសេនី យ៍ឯក ប៉ាង ហៀង អធិការនគរបាលស្រុកគាស់ក្រឡ បានរាយការណ៍ជូនលោកឧត្តមសេនីយ៍ ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ ដំបង ដើម្បីជូនជ្រាប និងទទួលបានមតិណែនាំពីលោកស្នងការ ភ្លាមនោះលោក អធិការនគរបាលស្រុកបាន រាយការណ៍ជូនមន្រ្តីអង្គភាពកំចាត់មីនកម្ពុជា ខេត្តបាត់ ដំបង CMACដើម្បីចុះទៅពិនិត្យ និងទទួលយក យុទ្ធភ័ណ្ឌទាំងនោះទៅរក្សាទុកដើម្បីបំផ្លាញចោល។

យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះទាំងនោះគឺ ជាប្រភេទគ្រាប់កាំភ្លើង DK82 មានចំនួន០៦គ្រាប់ ដែលស្ថាន ភាព គ្រាប់ទាំងនេះមានសភាពច្រេះពុកផុយដោយអន្លើ បាត់បង់គុណភាពខ្លះហើយ ។ តាមការពិនិត្យយុទ្ធភ័ណ្ឌ ទាំងនេះគឺជាយុទ្ធភ័ណ្ឌដែលសេសសល់តាំងពីសម័យសង្រ្គាមមកម្លេះ។

មន្រ្តីជំនាញបានឱ្យដឹងថា បើទោះបីស្ថានភាព យុទ្ធភ័ណ្ឌទាំងនេះ បានបាត់បង់គុណភាពខ្លះហើយក្តី តែវានៅតែមានលទ្ធភាពបង្កមហន្តរាយដល់អាយុជីវិតមនុស្សបានគ្រប់ពេលវេលាបើ យើងមានការធ្វេសប្រហែស ។នៅពេលនេះមន្រ្តីជំនាញស៊ីម៉ាក់CMAC បានយកចេញពីចំណុចទីតាំងនោះទៅរក្សាទុកដើម្បីធ្វើការបំផ្លាញចោលតាមលក្ខណៈជំនាញនិងបច្ចេកទេសរួចហើយ។

សូមរំលឹកថា កាលពីថ្ងៃទី ២៣ ខែ មីនា ឆ្នាំ២០ ២១ មានការប្រទះឃើញយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះជាប្រភេទគ្រាប់កាំភ្លើង(PKF)ចំនួន ១៦កេស ស្មើនឹង៤,០០០គ្រាប់នៅចំណុចវត្តបុរាណនិវេស ន៍(ហៅវត្តគាស់ក្រឡ) ស្ថិតក្នុងភូមិមុខវត្ត ឃុំគា ស់ ក្រឡ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ក្នុងពេលព្រះសង្ឃគង់ក្នុងវត្តបានជីកដីដើម្បីដាក់លូធ្វើបង្គន់អនាម័យហើយក៏បានប្រទះឃើញយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះទាំងនេះ៕