ឯកឧត្តម ពេជ្រ ស្រស់ សុំអភ័យទោសជាសាធារណៈ ពាក់ព័ន្ធករណីបង្ហោះសារ ប្រើពាក្យមិនសមរម្យមកលើ អាជ្ញាធរខេត្តសៀមរាប

កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម ពេជ្រ ស្រស់ សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ និងជាប្រធានគណបក្សយុវជនកម្ពុជា បានបង្ហោះសារសុំអភ័យទោសជាសាធារណៈ ដល់អាជ្ញាធរខេត្តសៀមរាបគ្រប់ជាន់ថ្នាក់ បន្ទាប់ពីឯកឧត្តម បានចោទប្រកាន់អាជ្ញាធរខេត្ត ដោយខ្វះមូលដ្ឋាន តាមរយៈការបង្ហោះសារជាអក្សរ លើវីដេអូមានរយៈពេលប្រមាណ១៦នាទី លើបណ្ដាញសង្គម កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១ ថា “កូវីដ19ជាន់កហើយ ត្រូវអាជ្ញាធរមកជាន់កថែមទៀត ប្រជាពលរដ្ឋ 19គ្រួសារ រស់នៅសង្កាត់ស្លក្រាម កើតទុក្ខមិនសុខចិត្តជាមួយអាជ្ញាធរខេត្តសៀមរាប ដែលបណ្តេញពួកគាត់ចេញពីលំនៅដ្ឋានរបស់ពួកគាត់ ដែលមានចុះបញ្ជីធ្វើប្លង់កម្មសិទ្ធិត្រឹមត្រូវ…”។

សូមរំលឹកថា សារជាអក្សរទាំងស្រុង របស់ឯកឧត្តម ពេជ្រ ស្រស់ បានសរសេរថា៖ “កូវីដ19ជាន់កហើយ ត្រូវអាជ្ញាធរមកជាន់កថែមទៀត ប្រជាពលរដ្ឋ 19គ្រួសារ រស់នៅសង្កាត់ស្លក្រាម កើតទុក្ខមិនសុខចិត្តជាមួយអាជ្ញាធរខេត្តសៀមរាប ដែលបណ្តេញ ពួកគាត់ចេញពីលំនៅដ្ឋានរបស់ពួកគាត់ដែលមានចុះបញ្ជី ធ្វើប្លង់កម្មសិទ្ធិត្រឹមត្រូវ ទាំងផ្ទះពួកគាត់គ្មានប៉ះពាល់គម្រោងអភិវឌ្ឍន៍របស់រដ្ឋនោះឡើយ ដោយពួកគាត់ភ័យខ្លាចបាត់បង់ទីជម្រកធ្លាប់រស់នៅយ៉ាងសុខសាន្ត ពួកគាត់ក៏បានរត់មកប្តឹងខ្ញុំ ដើម្បីចុះសិក្សាអំពីភាពមិនប្រក្រតីការអនុវត្តការងាររបស់រដ្ឋ អំណាចខេត្តសៀមរាបដែលធ្វើការផ្ទុយពីស្មារតីច្បាប់លំនៅដ្ឋាន”។

ពាក់ព័ន្ធ នឹងការចោទប្រកាន់នេះ រដ្ឋបាលខេត្តសៀមរាប បានច្រានចោល និងធ្វើការបំភ្លឺ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ ដោយបញ្ជាក់ថា៖ ប្រជាពលរដ្ឋ១៩គ្រួសារ ស្ថិតក្នុងភូមិធ្លកអណ្ដូង សង្កាត់ស្លក្រាម ក្រុងសៀមរាប បានមករស់នៅ និងសាងសង់លំនៅដ្ឋានលើប្រព័ន្ធការពារ ដែលជាដីសាធារណៈរបស់រដ្ឋទាំងស្រុង។ កន្លងមក ការការចុះធ្វើការវាស់វែង របស់ក្រុមការងារចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធ(LMAP) គឺដើម្បីប្រមូលទិន្នន័យ និងព័ត៌មានក្បាលដីប៉ុណ្ណោះ ដោយពុំបានកំណត់ទទួលស្គាល់ ភាពជាកម្មសិទ្ធករស្របច្បាប់ជូនប្រជាពលរដ្ឋទាំង១៩គ្រួសារ និងអនុញ្ញាតឲ្យយកបង្កាន់ដៃវាស់វែងនេះ ទៅធ្វើការលក់ដូរ ផ្ទេរកម្មសិទ្ធ និងបញ្ចាំឡើយ។ ដោយយោង តាមតម្រូវការចាំបាច់ និងបម្រើផលប្រយោជន៍សាធារណៈ ស្របតាមគោលការណ៍របស់រាជរដ្ឋាភិបាល លើគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៨ខ្សែក្នុងក្រុងសៀមរាប រដ្ឋបាលខេត្ត បានជូនដំណឹងដល់ប្រជាពលរដ្ឋទាំង១៩គ្រួសារ រុះរើលំនៅដ្ឋាន និងសំណង់ផ្សេងៗ ចេញពីដីប្រព័ន្ធការពារ ដែលជាដីសាធារណៈរបស់រដ្ឋ និងបានរៀបចំដី សម្រាប់ដោះស្រាយគោលនយោបាយ ស្របតាមគោលការណ៍សម្បទានសង្គមកិច្ចរដ្ឋ ដើម្បីឲ្យពួកគាត់ទទួលបានទីតាំងរស់នៅស្របច្បាប់។

បន្ទាប់ពីសេចក្ដីបំភ្លឺរបស់រដ្ឋបាលខេត្តសៀមរាប ឯកឧត្តម ពេជ្រ ស្រស់ បានធ្វើការសុំអភ័យទោសជាសាធារណៈលើបណ្ដាញសង្គម ដែលមានខ្លឹមសារទាំងស្រុងថា៖ “នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១ ខ្ញុំបានបង្ហោះសារពាក់ពន្ធ័នឹងករណីប្រជាពលរដ្ឋ ១៩ គ្រួសារ ស្ថិតនៅភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ខេត្តសៀមរាប ដែលប្រើសំណេរលើសលួសដល់អាជ្ញាធរ ដោយប្រើពាក្យថា”កូវីដជាន់កហើយ ត្រូវអាជ្ញាធរជាន់កថែមទៀត” គឺជាសំណេរដែលមានចរិតមិនសមរម្យក្នុងន័យនេះ ខ្ញុំសូមធ្វើការសុំទោសដល់អាជ្ញាធរខេត្តសៀមរាបគ្រប់ជាន់ថ្នាក់ និងទុកលទ្ធភាពជូនអាជ្ញាធរអនុវត្តកិច្ចការចំពោះគ្រួសារ១៩គ្រួសារ ហើយប្រតិភូគណបក្សយុវជនកម្ពុជា គឺបញ្ចប់ការសិក្សាលើបញ្ហារបស់ប្រជាពលរដ្ឋ19គ្រួសារទៀតហើយ ពីព្រោះគឺជាកិច្ចការរដ្ឋអំណាចអភិវឌ្ឍន៍ទីក្រុង។ សូមអរគុណ”។

ប្រជាពលរដ្ឋរស់នៅ ក្នុងក្រុងសៀមរាប ក៏ដូចជាមន្ត្រីមួយចំនួន ដែលបាននិងកំពុងចូលរួម ដោះស្រាយក្នុងករណីខាងលើ សុំមិនបញ្ចេញឈ្មោះ បានបង្ហាញនូវការសោកស្ដាយយ៉ាងខ្លាំង ចំពោះការបង្ហោះសារ និងវីដេអូ លើបណ្ដាញសង្គម របស់ឯកឧត្តម ពេជ្រ ស្រស់ ដែលធ្វើឲ្យប៉ះពាល់ដល់ការខិតខំរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍខេត្តទេសចរណ៍ដ៏សំខាន់មួយនេះ និងធ្វើឲ្យមានការភ័ន្តច្រឡំមកលើអាជ្ញាធរខេត្តផងដែរ ៕

ប្រភព÷ មន្ទីរព័ត៌មានខេត្តសៀមរាប