ឃាត់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធនឹងករណីហិង្សាដោយចេតនា

កំពង់ឆ្នាំង÷ ករណីហិង្សាដោយចេតនាកើតឡើងនៅថ្ងៃទី ២០ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ០៩:០០នាទីព្រឹក នៅចំណុចផ្ទះឈ្មោះ យុន អឿន (ប្តីប្រពន្ធ) រស់នៅ ភូមិសំរោង ឃុំពោធិ៍ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដោយឈ្មោះឈឺន យីម ហៅ (ម៉ោញ យីម) ភេទប្រុស អាយុ ៤៤ឆ្នាំ សញ្ជាតិខ្មែរ រស់នៅភូមិ អន្លុងកញ្ចុះ ឃុំប្រឡាយមាស ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង បានមកទារលុយពីឪពុកម្តាយបង្កើតរបស់ខ្លួនឈ្មោះយុន- អឿន(ប្តីប្រពន្ធ)ថ្លៃលក់ដី តែឪពុកម្តាយមិនឱ្យព្រោះលុយចំណែករបស់ឈ្មោះឈឺន យីម (ហៅ ម៉ោញ យីម) នេះពួកគាត់បានប្រគល់ឱ្យរួចអស់ហើយមិនមានការជំពាក់អ្វីទៀតទេ ។

ក្រោយពេលទារលុយមិនបានឈ្មោះ ឈឺន យីម (ហៅម៉ោញ យីម) បានជេរប្រមាថគំរាមកំហែងថានឹងកាប់សម្លាប់ចោលមួយគ្រួសារ ដោយមានកាន់កាំបិត តាំងតោជាប់នឹងដៃ និងថាបំផ្លាញទ្រព្យសម្បត្តិចោលឱ្យអស់ ។ លុះដល់វេលាម៉ោង១៦:០០នាទី នាថ្ងៃខែឆ្នាំដដែរ ឈ្មោះឈឺន យីម (ហៅម៉ោញ យីម) បានធ្វើសកម្មភាពយកកាំបិតកកុកដងវែង ទៅកាប់បាឡាស្មាច់របស់ឈ្មោះយុន- អឿន(ប្តីប្រពន្ធ)ត្រូវជាឪពុកម្តាយបង្កើតរបស់ខ្លួនដែលចតទុកនៅក្បែររោងធ្វើស្រែប្រាំងនៅចំណុចបង្គោលកី ស្ថិតក្នុងភូមិសាស្ត្រភូមិដំណាក់កកោះ ឃុំពោធិ៍ ស្រុកកំពង់លែង បណ្តាលឲ្យមុតខូចជាច្រើនកន្លែង ។

បច្ចុប្បន្នកម្លាំងនគរបាលបានធ្វើការឃាត់ខ្លួនជនសង្ស័យ និងកសាងសំណុំរឿងតាមនីតិវិធីបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត ៕