ម៉ូតូពីរគ្រឿងប្រលះគ្នា ក្នុងទិសដៅបញ្ច្រាស់ទិសគ្នាបណ្ដាលឲ្យរងរបួសស្រាល ៤នាក់

រតនគិរី÷ តាមរបាយការណ៍របស់កម្លាំងប៉ុស្ដិ៍នគរបាលឃុំសេដា បានអោយដឹងថា នាថ្ងៃទី២៣ ខែមិនា ឆ្នាំ២០២១ វេលាម៉ោង ១៧:០០នាទី នៅចំនុចផ្លូវបំបែកមុខផ្ទះឈ្មោះ ណាន លើផ្លូវជាតិក្រាលកៅស៊ូ ស្ថិតក្នុងភូមិសមុទ្រលើ ឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី មានករណីគ្រោះថ្នាក់ចរាចរណ៍មួួយកើតឡើងរវាងម៉ូតូសង្ស័យបង្ក ម៉ាកឆ្លាម ពណ៌ក្រហម ផ្លាកលេខ1E-1551 បើកបរពីជើងទៅត្បូង បុកនឹងម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ០១២គ្មានស្លាកលេខ បើកបរពីកើតទៅលិច។

មូលហេតុដែលបណ្ដាលអោយមាន គ្រោះថ្នាក់នេះកើតឡើង គឺដោយសារម៉ូតូឆ្លាមបើកឆ្លងផ្លូវបត់ឆ្វេងគ្មានភ្លើងសុីញ៉ូ និងមិនបានប្រុងប្រយ័ត្ន ។ របាយការណ៍ក៏បានបញ្ជាក់អោយដឹងផងដែរថា ÷

១. អ្នកបើកបរម៉ូតូឆ្លាមសង្ស័យបង្ក : ឈ្មោះកានុត ចាន់ដា ភេទស្រី អាយុ១២ឆ្នាំ ជនជាតិឡាវ មុខរបរ សិស្ស មានទីលំនៅភូមិសមុទ្រលើ ឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី រងរបួសស្រាលកំភួនជើងខាងឆ្វេង។រួមដំណើរជាមួយឈ្មោះ កានុត ស្រីម៉ៅ ភេទស្រី អាយុ១៣ឆ្នាំ ជនជាតិឡាវ មុខរបរ សិស្ស រងរបួសមាត់។

២. អ្នកបើកបរម៉ូតូហុងដាឌ្រីមរងគ្រោះឈ្មោះ សៀង ម៉េងលៀង ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅបច្ចុប្បន្នភូមិ១ ឃុំឡាមិញស្រុកបរកែវ ខេត្តរតនគិរី ភិនភាគរបួសស្មងជើងខាងស្ដាំ។ ឈ្មោះ ស៊ូ ស្រីនិច ភេទស្រី អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ (មានផ្ទៃពោះ០៤ខែ) របួសឈឺមួយចំហៀងខ្លួនខាងស្ដាំ (មានទីលំនៅភូមិឃុំជាមួយអ្នកបើកបរ)។

ក្រោយកើតហេតុអ្នករងរបួសភាគីម៉ូតូឆ្លាមត្រូវបានគ្រួសារនាំយកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តរតនគិរី និងភាគីរងរបួសខាងម៉ូតូសង់ឌ្រីមត្រូវបានគ្រួសារនាំយកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកបរកែវ ។

ចំណែកម៉ូតូទាំង២គ្រឿង កម្លាំងបានយកមករក្សាទុកនៅប៉ុស្ដិ៍នគរបាលឃុំសេដា រងចាំការដោះស្រាយបន្ដនាពេលក្រោយ ៕