យុវជន២នាក់ត្រូវបានឃាត់ខ្លួន ករណីប្រើប្រាស់ និងជួញដូរគ្រឿងញៀនខុសច្បាប់ នៅស្រុកលំផាត់

នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ ២០២១ វេលាម៉ោង១៥និង៣០នាទី កំលាំងប៉ុស្តិ៍រដ្ឋបាលឃុំល្បាំង១ និងកម្លាំងជំនាញអធិការ បានសហការ ជាមួយកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន របស់ស្នងការដ្ឋាននគរបាលខេត្តរតនគិរី ដោយមានការសម្របសម្រួលនីតិវិធី ពីលោក រ៉ា បូរ៉ាន់ឌី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត បានចុះបង្រ្កាបជាក់ស្តែងករណីជួញដូរ រក្សាទុកនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន (តាមវីធានការត្រួតពិនិត្យ រដ្ឋបាលចំហរ ) នៅចំណុចផ្ទះជនសង្ស័យ ស្ថិតនៅភូមិកាំផ្លិញឃុំល្បាំង១ ស្រុកលំផាត់ ខេត្តរតនគិរី។

តាមរបាយការណ៍របស់អធិការដ្ឋាននគរបាល បានអោយដឹងថាជនសង្ស័យដែលបានឃាត់ខ្លួនមានឈ្មោះ

១/ ឈ្មោះ វេត សុគា ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្ន ភូមិ១ សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគីរី។មានស្រុកកំណើតភូមិគោគតូច ឃុំព្រែកស្រឡិត ស្រុកពារាំង ខេត្តព្រៃវែង។

២/ ឈ្មោះ សៅ ប៊ុនណាន់ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្ន ភូមិ២ សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី។ ចំពោះវត្ថុតាងដែលបានដកហូតរួមមានដូចជា

-ម្សៅក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀនចំនួន ១ថង់ធំ ទម្ងន់មិនទាន់ថ្លឹង

-ម៉ូតូ ២គ្រឿង

-ទូរស័ព្ទដៃចំនួន១គ្រឿង

បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាង បានឃាត់ និងរក្សាទុកបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកលំផាត់ ដើម្បី បំពេញសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តអនុវត្តតាមនីតិវិធីច្បាប់៕