រថយន្តដឹកមាន់ខុសច្បាប់ជាង ៥០០ក្បាល ត្រូវសមត្ថកិច្ចប៉ោយប៉ែតចាប់ខ្លួន

នៅវេលាម៉ោង២២និង២០នាទី យប់ថ្ងៃទី២៤ ខែ មីនា ឆ្នាំ២០២១ ក្រុមអន្តរគមន៍បង្ក្រាបបទល្មើសវិស័យសុខភាពសត្វ ផលិតកម្មសត្វការិយាល័យ សហការជាមួយសមត្ថកិច្ចនគរបាលនៃអធិការដ្ឋានក្រុងប៉ោយប៉ែតធ្វើការដេញចាប់ឡានសាំយ៉ុងដែលសង្ស័យដឹកបទល្មើសពាក់ព័ន្ធនឹងផលិតផលសត្វ នៅតាមផ្លូវលំ (ដែលសង្ស័យចេញពីច្រកអូរល្ហុង) ស្ថិតនៅក្នុងភូមិសាស្ត្រ ភូមិសន្តិភាព ឃុំទួលពង្រ ស្រុកម៉ាឡៃ ដែលរថយន្តសង្ស័យ ពាក់ស្លាកលេខភ្នំពេញ 2V-1773 ពណ៌ស ។ ស្ថិតក្នុងប្រតិបត្តិការនេះឈ្មួញបានបើករត់ចូលផ្ទះគេ ហើយក្រុុមការងារបានឈប់លើផ្លូវសាធារណះមុខផ្ទះដែលឈ្មួញរត់ចូល រហូតដល់ម្ចាស់ផ្ទះដែលមានឈ្មោះ រិន សារឿយ មានទីតាំងស្ថិតក្នុងភូមិសន្តិភាព ឃុំទួលពង្រ ស្រុកម៉ាឡៃ បានចេញមកក្រៅព្រមទាំងបានសហការជាមួយជំនាញដោយដេញម្ចាស់រថយន្តដែលមានឈ្មោះ ចាន់ រ៉ាន រស់នៅភូមិថ្នល់បត់ ឃុំភ្នំតូច ស្រុកមង្គលបូរី ចេញមកក្រៅ (ហើយសមត្ថកិច្ចជំនាញបានចូលរួមប្រមូលវត្ថុតាងមកខាងក្រៅលំនៅដ្ឋាននោះ) ក្រោយពេលធ្វើអធិការកិច្ចរួចមកឃើញថា រថយន្តសាំយ៉ុងខាងលើ ផ្ទុកមាន់ជម្រុះ (មាន់ពង) ចំនួន ៥១តាកា ស្មើនឹង ៥១០ក្បាល (១តាកា=១០ក្បាល) ដើម្បីអោយក្រុមការងារចាត់ការបន្ត ដោយនាំយកវត្ថុតាងល្មើសខាងលើមកកាន់ការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត អនុវត្តនូវនីតិវិធីច្បាប់ជាបន្តទៀត ៕