ក្រុមហ៊ុន AstraZeneca និយាយថា វ៉ាក់សាំងរបស់ខ្លួនមានប្រសិទ្ធភាព ៧៦ ភាគរយក្នុងទិន្នន័យសាកល្បងនៅសហរដ្ឋអាម៉េរិកដែលទើបធ្វើបច្ចុប្បន្នភាព

ក្រុមហ៊ុនផលិតឱសថរបស់អង់គ្លេសនិងស៊ុយអែតឈ្មោះ AstraZeneca កាលពីថ្ងៃពុធទី២៤មីនាបានធ្វើការកែសម្រួលឡើងវិញ ដោយទម្លាក់ចុះ ៣ភាគរយនូវប្រសិទ្ធភាពវ៉ាក់សាំងកូវីដរបស់ខ្លួន បន្ទាប់ពីអាជ្ញាធរអាម៉េរិកលើកឡើងពីការព្រួយបារម្ភថា លទ្ធផលដែលទទួលបានពីការសាកល្បងនៅសហរដ្ឋអាម៉េរិកគឺហួសសម័យហើយ។

ឥឡូវនេះក្រុមហ៊ុននិយាយថាវ៉ាក់សាំងរបស់ខ្លួនមានប្រសិទ្ធភាព ៧៦ ភាគរយជាជាង ៧៩ ភាគរយក្នុងការទប់ស្កាត់កូវីដ។

ក្រុមហ៊ុនបានបន្ថែមថា វានៅតែមានប្រសិទ្ធភាព ១០០ ភាគរយប្រឆាំងនឹងការធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរដោយកូវីដ។

ចំណាត់ការនេះកើតឡើងបន្ទាប់ពីក្រុមប្រឹក្សាអ្នកជំនាញឯករាជ្យដែលត្រូវបានតែងតាំងដើម្បីត្រួតពិនិត្យការសាកល្បងនេះ បានសម្តែងការព្រួយបារម្ភថា ក្រុមហ៊ុន AstraZenecaមិនបានបញ្ចូលទិន្នន័យដែលបានធ្វើបច្ចុប្បន្នភាពទៅក្នុងតួលេខ ដែលបានចេញផ្សាយដំបូងរបស់ខ្លួនទេ។

បន្ទាប់មកវិទ្យាស្ថានសុខភាពជាតិអាម៉េរិកបានចេញសេចក្តីថ្លែងការណ៍វិសាមញ្ញមួយ ដោយស្នើសុំឱ្យក្រុមហ៊ុន AstraZeneca ធ្វើការជាមួយក្រុមប្រឹក្សានេះនិងចេញសេចក្តីប្រកាសព័ត៌មានថ្មី។

លោកមេណេ ផានហ្គាឡូស ជាអនុប្រធានប្រតិបត្តិផ្នែកស្រាវជ្រាវនិងអភិវឌ្ឍន៍ជីវៈគីមី បាននិយាយថា”យើងទន្ទឹងរង់ចាំការដាក់ពាក្យស្នើសុំបទប្បញ្ញត្តិរបស់យើងសម្រាប់ការអនុញ្ញាតឱ្យប្រើប្រាស់ក្នុងគ្រាអាសន្ននៅសហរដ្ឋអាម៉េរិកនិងត្រៀមសម្រាប់ការផ្តល់វ៉ាក់សាំងរាប់លានដូសនៅទូទាំងសហរដ្ឋអាមេរិក”៕