ឃុំខ្លួនបុរសម្នាក់ជាប់ចោទក្នុងករណីកាប់រុករានដីព្រៃក្នុងតំបន់ការពារធម្មជាតិ

ខេត្តមណ្ឌលគិរី៖ បុរសម្នាក់ត្រូវបានចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តមណ្ឌលគិរី កាលពីរសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ បានសម្រេចឃុំខ្លួនដាក់ពន្ធនាគារបណ្ដោះអាសន្ន ជាប់ចោទពីបទកាប់រុករានដីព្រៃដើម្បីយកដីធ្វើជាកម្មសិទ្ធិ ក្នុងតំបន់ការពារធម្មជាតិ តាមបញ្ញត្តិមាត្រា៦២ និងមាត្រា៥៦ នៃច្បាប់ស្ដីពីតំបន់ការពារធម្មជាតិ ដែលជាបទល្មើសធនធានធម្មជាតិថ្នាក់ទី៤។

ជនជាប់ចោទមានឈ្មោះ ស្វើយ លាត់ ភេទប្រុស អាយុ២១ឆ្នាំ បច្ចុប្បន្នរស់នៅភូមិពូទឺត ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ត្រូវបានមន្រ្តីឧទ្យានុរក្សដែនជម្រកសត្វព្រៃភ្នំណាមលៀរ ចាប់ឃាត់ខ្លួនបាននៅកន្លែងកើតហេតុ ស្ថិតនៅចំណុចដីព្រៃដែលរងការកាប់រុករាននិងទន្រ្ទានមានទំហំ ២,៥ហិកតា ក្នុងដែនជម្រកសត្វព្រៃភ្នំណាមលៀរ ហើយនាំខ្លួនយកមកសាកសួរដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី៕