ជប៉ុន នៅតែជាដៃគូវិនិយោគ និងអភិវឌ្ឍន៍សេដ្ឋកិច្ចយ៉ាងសំខាន់របស់កម្ពុជា

ភ្នំពេញ៖ ពីមួយឆ្នាំទៅមួយឆ្នាំ ទំហំនៃការវិនិយោគ និងពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា -ជប៉ុន មានការកើនឡើងជាលំដាប់រហូតត្រូវបានរាជរដ្ឋាភិបាលកម្ពុជាចាត់ទុកថា ជប៉ុនគឺជាដៃគូអភិឌ្ឍន៍សេដ្ឋកិច្ចជាតិរបស់កម្ពុជាយ៉ាងសំខាន់ទោះជាស្ថិតនៅក្នុងកាលទេសៈណាក៏ដោយ។

កាលពីឆ្នាំ២០១៩កន្លងទៅ ទំហំកម្ពុជា- ជប៉ុនមានចំនួនប្រមាណ ២០០០លានដុល្លារសហរដ្ឋអាមេរិក ក្នុងនោះកម្ពុជាបានធ្វើការនាំចេញទៅកាន់ទីផ្សារប្រទេសជប៉ុនប្រមាណ ១២០០ ពាន់លានដុល្លារ ហើយជប៉ុននាំចូលមកកាន់ទីផ្សារកម្ពុជាវិញប្រមាណ ៨០០ លានដុល្លារ ។ ដោយឡែកនៅក្នុងឆ្នាំ២០២០ នេះ ក្នុងរយៈពេល៩ខែ ដែលស្ថិតនៅក្នុងវិបត្តិនៃជំងឺ Covid-19 ទំហំពាណិជ្ជកម្មប្រទេសទាំងពីរមានប្រមាណ៨០០លានដុល្លារសហរដ្ឋអាមេរិក ក្នុងនោះកម្ពុជានាំចេញទៅជប៉ុនប្រមាណ៥០០លានដុល្លារ និងជប៉ុននាំចូលមកកម្ពុជាប្រមាណ៣០០លានដុល្លារ។

ទំហំពាណិជ្ជកម្មជប៉ុននៅក្នុងប្រទេសកម្ពុជា មានការកើនឡើងជាលំដាប់ បើទោះបីមានផលប៉ះពាល់ខ្លះបង្កឡើងដោយជំងឺ Covid-19 យ៉ាងណាក្តី ។ លោកបន្តថា សម្រាប់យុទ្ធសាស្ត្រពាណិជ្ជកម្ម និងវិនិយោគជាមួយកម្ពុជា គឺមិនរាថយនោះទេ ដោយសារភាគីទាំងពីរបានដាក់ចេញនូវយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរួមគ្នា។

អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ា លឹម ហេង បានមានប្រសាសន៍ថា ប្រទេសជប៉ុន គឺជាដៃគូដ៏សំខាន់របស់កម្ពុជាដែលមិនរួញរាក្នុងការបណ្តាក់ទុនវិនិយោគ ខណៈដែលកម្ពុជាគឺមានទីផ្សារធំទូលាយ និងស្ថិតនៅក្នុងសមាជិកអាស៊ានដែលមានប្រជាជនជាង ៦០០លាននាក់។ នៅពេលខាងមុខនេះ កម្ពុជានឹងបើកកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយជប៉ុនផងដែរបន្ទាប់ពីបានប្រកាសចរចារួចហើយជាមួយប្រទេសកូរ៉េ។

លោកឧកញ៉ា លឹម ហេង បានសង្កត់ធ្ងន់ថា “ការជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រទេសជប៉ុនចូលមកកាន់កម្ពុជា ដោយសារប្រទេសកម្ពុជា ជារដ្ឋមួយដែលបានទទួលនូវការអនុគ្រោះពន្ធពីសហភាពអឺរ៉ុប និងគម្រោង GSP របស់អាមេរិកសម្រាប់ការនាំទំនិញទៅដោយមិនគិតពន្ធជាដើម ហើយអ្វីដែលកាន់តែពិសេសជាងនេះ គឺកម្ពុជាទើបតែទទួលបានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយចិនបន្ថែមទៀត ដែលជាទីផ្សារដ៏ធំ និងទូលាយបំផុត”។

អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត ហុង វណ្ណៈ បានមានប្រសាសន៍ថា នៅក្នុងវិបត្តិសេដ្ឋកិច្ចសកលនេះ បានធ្វើឱ្យសេដ្ឋកិច្ចនៅតាមបណ្តាប្រទេសនានាជួបបញ្ហាប្រឈម។ ជាមួយគ្នានេះ កម្ពុជាក៏ទទួលរងផលប៉ះពាល់ផងដែរ តែសម្រាប់កំណើនសេដ្ឋកិច្ចរវាងកម្ពុជា និងជប៉ុនក្នុងរយៈពេលនេះនៅតែមានភាពល្អប្រសើរ តែមិនខ្លាំងនោះទេ ។

លោកបញ្ជាក់ថា ផលិតកម្មនានានឹងកាន់តែងើបឡើងកាន់តែខ្លាំងឡើងថែមទៀត បន្ទាប់ពីមានការទប់ស្កាត់ និងគ្រប់គ្រងបាននូវជំងឺ Covid-19 ជាពិសេសក្រោយការដាក់ឱ្យដំណើរការឡើងវិញនូវជើងហោះហើរ រួមជាមួយការបើកច្រកសេដ្ឋកិច្ច ដែលនឹងធ្វើឱ្យសេដ្ឋកិច្ចកាន់តែមានការរីកចម្រើនក្រោមកំណើននៃចំនួនវិនិយោគ និងពាណិជ្ជកម្ម៕