ទំហំពាណិជ្ជកម្ម កម្ពុជា~សិង្ហបុរី ក្នុងឆ្នាំ ២០២០ មានចំនួន ៤,២៤ប៊ីលានដុល្លារអាមេរិក

ភ្នំពេញ៖ ទំហំពាណិជ្ជកម្មកម្ពុជា សិង្ហបុរី ក្នុងឆ្នាំ ២០២០ មានចំនួន៤,២៤ប៊ីលានដុល្លារអាមេរិក ទោះបីជាស្ថិតក្នុងវិបតិ្តនៃជំងឺកូវីដ-១៩ ក៏ដោយ។

សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី កម្ពុជា មានប្រសាសន៍ថា ទោះបីជាស្ថិតក្នុងវិបតិ្តនៃជំងឺកូវីដ-១៩ក៏ដោយ ក៏ពាណិជ្ជកម្មទ្វេភាគីរបស់ប្រទេសទាំងពីរកម្ពុជា-សិង្ហបុរី មានទំហំ៤,២៤ប៊ីលានដុល្លារអាមេរិក ហើយការវិនិយោគរបស់ប្រទេសសិង្ហបុរីនៅព្រះរាជាណាចក្រកម្ពុជាមានទំហំទៅដល់១,២៩ ប៊ីលានដុល្លារអាមេរិក (ពីឆ្នាំ១៩៩៤ ដល់ឆ្នាំ២០២០)។

ក្នុង ឱកាស អនុញ្ញាតឱ្យលោកជំទាវ ធាវ ឡេ ឈិង (Teo Lay Cheng) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋសិង្ហបុរីថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបធ្វើសវនាការ និងសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ ខែមីនា ឆ្នាំ២០២១ សម្តេចប្រមុខរដ្ឋស្តីទីបានស្នើដល់លោកជំទាវឯកអគ្គរដ្ឋទូតជួយជំរុញការធ្វើវិនិយោគ និងការផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ដើម្បីរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់ប្រទេសទាំងពីរ ក្នុងដំណាក់កាលនៃការរីករាលដាលនៃជំងឺកូវីដ១៩។

សម្តេចជឿជាក់ថា ក្នុង អាណត្តិ របស់លោកជំទាវ ឯកអគ្គរដ្ឋទូតនៅកម្ពុជានេះ នឹងខិតខំលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងកម្ពុជា និងសិង្ហបុរីឱ្យកាន់តែខ្លាំងក្លាថែមទៀត ដើម្បីជាគុណប្រយោជន៍ដ៏ធំធេងសម្រាប់ប្រជាជន នៃប្រទេសទាំងពីរ ទាំងពេលបច្ចុប្បន្ន និងក្នុងពេលអនាគត។

លោកជំទាវឯកអគ្គរដ្ឋទូតបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរក្នុងវិស័យជាច្រើនដូចជា៖ វិស័យសេដ្ឋកិច្ច វិស័យសុខាភិបាល ក៏ដូចជាទំនាក់ទំនងរវាងប្រជាជននៃប្រទេសទាំងពីរ។ វិស័យសេដ្ឋកិច្ច និងការវិនិយោគរវាងប្រទេសទាំងពីរមានការកើនឡើងជាលំដាប់ ជាពិសេសអ្នកវិនិយោគសិង្ហបុរីបានសហការយ៉ាងជិតស្និទ្ធជាមួយនឹងអ្នកវិនិយោគកម្ពុជា ក្នុងការអភិវឌ្ឍលើកកម្ពស់វិស័យបច្ចេកវិទ្យា និងវិស័យឌីជីថល ក្នុងនោះវិស័យដែលលេចធ្លោជាងគេ គឺវិស័យទេសចរណ៍ និងវិស័យបដិសណ្ឋារកិច្ច។

លោកជំទាវឯកអគ្គរដ្ឋទូតក៏បានបញ្ជាក់ថា ការហោះហើរត្រង់ពីប្រទេសសិង្ហបុរី មកព្រះរាជាណាចក្រកម្ពុជា គឺមានការកើនឡើង៩ដងក្នុងមួយសប្តាហ៍ ដែលអាចជំរុញលើកកម្ពស់ទំនាក់ទំនង និងការផ្សារភ្ជាប់រវាងប្រជាជននៃប្រទេសទាំងពីរផងដែរ។ ក្រៅពីកិច្ចសហប្រតិបត្តិការទ្វេភាគី ប្រទេសទាំងពីរក៏មានកិច្ចសហប្រតិបត្តិការដ៏ល្អជាមួយគ្នា ក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការថ្នាក់តំបន់ និងអន្តរជាតិ។

សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលសិង្ហបុរី ដែលបានរួមវិភាគទានយ៉ាងច្រើនក្នុងការកសាងអភិវឌ្ឍប្រទេសកម្ពុជា តាមរយៈគម្រោងកិច្ចសហប្រតិបតិ្តការទ្វេភាគី។ ជាពិសេស ជួយពង្រឹងសមត្ថភាពមន្រ្តីរាជការកម្ពុជាលើជំនាញនានា នៅមជ្ឈមណ្ឌលសហប្រតិបតិ្តការកម្ពុជា-សិង្ហបុរី៕