អធិការបតីអាល្លឺម៉ង់សម្រេចលុបចោលវិញ ចំពោះការរឹតបន្តឹងបន្ថែមលើវិធានការបិទខ្ទប់ប្រទេសនៅថ្ងៃឈប់សម្រាកបុណ្យអ៊ីស្ទើរ

អាល្លឺម៉ង់៖ បានប្រកាសនៅក្នុងសន្និសិទសារព័ត៌មានខ្លីមួយនៅថ្ងៃពុធនេះថា ការរឹតបន្តឹងលើវិធានការបិទខ្ទប់ប្រទេសប្រឆាំងនឹងជំងឺ COVID-19 ដែលគ្រោងនឹងអនុវត្តនៅថ្ងៃឈប់សម្រាកបុណ្យអ៊ីស្ទើរ ត្រូវបានលុបចោលវិញ ។

លោកស្រី មឺហ្គែល បាននិយាយថា ទោះបីជាការបិទខ្ទប់ប្រទេសទាំងស្រុងនៅសប្តាហ៍ក្រោយ ត្រូវបានប្រកាសជាបឋមជាមួយបំណងល្អបំផុត ដើម្បីកាត់បន្ថយល្បឿននៃការរីករាលដាលរលកទី៣ នៃជំងឺCOVID-19ក៏ដោយ ក៏គំនិតនេះគឺជាកំហុសមួយ ។ លោកស្រីបន្ថែមថា លោកស្រីមានការសោកស្តាយដែលការប្រកាសកាលពីថ្ងៃអង្គារសប្តាហ៍នេះ ដែលធ្វើឲ្យមានភាពមិនច្បាស់លាស់បន្ថែមទៀត និងបានសុំអភ័យទោសដល់ពលរដ្ឋអាល្លឺម៉ង់ទាំងអស់ ហើយថា ខ្ញុំជឿជាក់យ៉ាងមុតមាំថា យើងនឹងកម្ចាត់វីរុសជាមួយគ្នា ។

សូមរំលឹកថា អធិការបតីអាល្លឺម៉ង់លោកស្រី អាន់ជែលឡា មឺហ្គែល នៅថ្ងៃអង្គារសប្តាហ៍នេះ បានប្រកាសនៅក្នុងសន្និសីទកាសែតមួយថា ប្រទេសរបស់លោកស្រីនឹងពន្យារពេលវិធានការបិទខ្ទប់ប្រទេសប្រឆាំងនឹងជំងឺ COVID-19 រហូតដល់ ថ្ងៃទី១៨ ខែមេសាខាងមុខ ជាមួយនឹងការរឹតត្បិតរឹតតែខ្លាំងក្នុងកំឡុងពេលថ្ងៃឈប់សម្រាកបុណ្យអ៊ីស្ទើរ ៕