កម្លាំងចម្រុះសបានឃាត់ខ្លួន ក្រុមជនសង្ស័យ១៤នាក់ ពាក់ព័ន្ធករណីបង្ខាំងមនុស្ស និងជម្រិតទារប្រាក់ ក្រោមរូបភាពយកទៅធ្វើចត្តាឡឺស័ក

ក្រុមជនសង្ស័យចំនួន១៤នាក់ ត្រូវបានកម្លាំងចម្រុះសហការបង្ក្រាបឃាត់ខ្លួន កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ ពាក់ព័ន្ធករណីបង្ខាំងមនុស្សដោយខុសច្បាប់ និងជម្រិតទារប្រាក់ នៅចំណុចសណ្នាគារ ប៉ូស៊ីកាណូប៊ូទិក ផ្លូវលេខ ១៤៤ សង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

យោងតាមរបាយការណ៍របស់លោកវរសេនីយ៍ឯក អេង សោភា ប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង១៨នឹង០០នាទី មានជនសង្ស័យមួយក្រុម បានចូលទៅចាប់ជនរងគ្រោះឈ្មោះ HUANG WENG XUAN ភេទប្រុស ជនជាតិចិន នៅក្នុងសណ្នាគារ ដឺព្រីនស៍ ស្ថិតនៅផ្លូវលេខ៧៨ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ដោយប្រើល្បិចថានាំយកទៅធ្វើចត្តាទ្បីស័ក ហើយជនសង្ស័យបាននាំជនរងគ្រោះទៅបង្ខាំងទុកនៅសណ្នាគារ SKAYLINE ស្ថិតនៅក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ ជម្រិតទារប្រាក់ចំនួន៣ម៉ឺនដុល្លារអាមេរិក ជាថ្នូរនិងការដោះលែង។

រហូតដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ ២០២១ ទើបជនសង្ស័យបានដោះលែងជនរងគ្រោះ ក្រោយពីជម្រិតទារប្រាក់បានសម្រេច។

លោកប្រធានការិយាល័យបន្តថា រហូតដល់នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ ការិយាលយ័នគរបាលព្រហ្មទណ្ឌ កំរិតធ្ងន់បានសហការជាមួយកម្លាំងនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ អធិការដ្ឋាននគរបាលខណ្ឌចំការមន, អធិការដ្ឋាននគរបាលខណ្ឌសែនសុខ, អធិការដ្ឋាននគរបាលខណ្ឌដូនពេញ និងមានការសម្របសម្រួលពីលោក មុត ដារា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ សមត្ថកិច្ចយើងបានធ្វើការស្រាវជ្រាវឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យនៅចំណុចសណ្នាគារ ប៉ូស៊ីកាណូប៊ូទិក ផ្លូវលេខ ១៤៤ សង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ក្នុងរង្វង់ប្រតិបត្តិការនេះ សមត្ថកិច្ចយើងបានឃាត់ខ្លួនជនសង្ស័យចំនួន១៤នាក់ ក្នុងនោះមានជនជាតិចិន០៧នាក់ និងជនជាតិវៀតណាម ០៧នាក់។

វត្ថុតាងចាប់យករួមមានៈ រថយន្តមួយគ្រឿងម៉ាក ស្តារិច ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AX-7198 (រថយន្តធ្វើសកម្មភាព), ខ្នោះដៃចំនួន០៣គូរ, ដំបងឆក់០១, កាំបិតកៃ០៤, ដំបងដែករលាស់០៤។

បច្ចុប្បន្នជនសង្ស័យខាងលើ បានប្រគល់ទៅឲ្យអធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីសាកសួរនិងកសាងសំណុំរឿងតាមនីតិវិធី ៕

ប្រភព÷ អគ្គស្នងការដ្ឋាននគរបាលជាតិ