ថើបម្តង១មុឺនរៀល រួមភេទម្តង២មុឺនរៀល! ឃាត់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធករណីរួមភេទជាមួយអនីតិជន

ស្រុកអង្គស្នួល÷ ករណីរួមភេទជាមួយអនីតិជន ក្រោមអាយុ១៥ឆ្នាំ។ កើតហេតុថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ០៩ និង ១០ នាទីព្រឹក នៅចំណុចភូមិព្រៃរំដួល ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល ។
ជនរងគ្រោះឈ្មោះ ថ.ស.រ ភេទស្រី ឆ្នាំកំណើត ៣០/ឧសភា/២០០៨ ជនជាតិខ្មែរមុខរបរសិស្ស នៅភូមិព្រៃរំដួល ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល ត្រូវជាកូនបង្កើតរបស់ឈ្មោះ លីម សារុំ ភេទស្រី អាយុ៤០ឆ្នាំជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ នៅភូមិព្រៃរំដួល ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល។
ជនសង្ស័យឈ្មោះ វ៉ាត ភួន ភេទប្រុស អាយុ៦៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ នៅភូមិព្រៃរំដួល ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល (ឃាត់ខ្លួនតាមបញ្ជារបស់លោកព្រះរាជ្ញា​អមសាលាដំបូងខេត្តកណ្តាល​ ថ្ងៃទី២៥.០៣.២០២១)។
វត្ថុតាងចាប់យកគ្មានផល និងផលប៉ះពាល់ រួមភេទបានសម្រេចចំនួន០១លេីក។
សភាពរឿងហេតុ÷ នៅមុនពេលកើតហេតុ ក្នុងខែកុម្ភៈ​ ឆ្នាំ២០២១ ជនសង្ស័យបានឃើញជនរងគ្រោះជិះម៉ូតូនៅតាមផ្លូវក្នុងភូមិ ក៏ហៅជនរងគ្រោះហើយសុំជិះទៅជាមួយ នៅពេលជិះតាមផ្លូវជនសង្ស័យបាននិយាយលួងលោមទៅកាន់ជនរងគ្រោះថា ឯងប្រគល់ខ្លួនឲ្យអញមក អញឲ្យលុយចំនួនមួយម៉ឺនរៀល តែជនរងគ្រោះមិនបានឆ្លើយតបឡើយ ជិះរហូតដល់ចំណុចចំការស្វាយរបស់តាឡនស្ថិតនៅភូមិថ្មី ឃុំទួលព្រេជ ទើបជនសង្ស័យចុះពីម៉ូតូ ហើយជនរងគ្រោះក៏ជិះទៅមុខបន្ត។ លុះស្អែកឡើងជនសង្ស័យបានទៅចំការខាងក្រោយផ្ទះជនរងគ្រោះហើយបានហៅជនរងគ្រោះឲ្យទៅក្នុងចំការនោះតែជនរងគ្រោះមិនបានទៅឡើយ។ ចាប់ពីពេលនោះមកជនសង្ស័យបានទៅក្នុងចំការក្រោយផ្ទះជនរងគ្រោះ និងបានហៅជនរងគ្រោះទៅអោបថើបចំនួន ០៣លើក ហើយក្នុងមួយលើកៗបានឲ្យលុយជនរងគ្រោះចំនួនមួយម៉ឺនរៀល(10000រៀល)។
នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង២រសៀល ជនសង្ស័យបានទៅក្នុងចំការក្រោយផ្ទះជនរងគ្រោះទៀត ហើយបានហៅជនរងគ្រោះទៅជួបនិងប្រាប់ថាកុំប្រាប់រឿងនេះឲ្យគេដឹងឲ្យសោះ ហើយក៏ដើរចេញទៅវិញទៅ។
នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង០៨និង១០នាទីព្រឹក ជនសង្ស័យបានទៅក្នុងចំការក្រោយផ្ទះជនរងគ្រោះទៀត ហើយបានហៅជនរងគ្រោះទៅជួបនិងអង្គុយនិយាយគ្នាលេង បន្ទាប់មកជនសង្ស័យបានចាប់ជនរងគ្រោះផ្ដួលទៅលើស្មៅហើយធ្វើសកម្មភាពរួមភេទជាមួយជនរងគ្រោះបានសម្រេចចំនួន០១លើក ពេលរួមភេទរួចហើយជនសង្ស័យបានឲ្យលុយទៅជនរងគ្រោះចំនួនពីរម៉ឺនរៀល(20000រៀល)។
រហូតដល់ថ្ងៃទី២៤ ខែឆ្នាំដដែល ជនសង្ស័យបានហៅជនរងគ្រោះទៅទៀត ពេលជនរងគ្រោះដើរទៅក៏ត្រូវបានសាក្សីឃើញ ក៏សួរជនរងគ្រោះឯងទៅណា? ជនរងគ្រោះឆ្លើយថាទៅបត់ជើងធំ ដោយសាក្សីមានការសង្ស័យក៏សួរនាំជនរងគ្រោះ ទើបជនរងគ្រោះព្រមនិយាយការពិត ថាទៅជួបជាមួយជនសង្ស័យ ។ ពេលនោះសាក្សីបានឃើញជនសង្ស័យដើរចេញពីព្រៃខាងក្រោយផ្ទះនោះទៅ ទើបក្រុមគ្រួសារជនរងគ្រោះទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋបានទួលព្រេជ។
តាមចម្លេីយសារភាពរបស់ជនសង្ស័យ​ បានឆ្លេីយថា​ ខ្លួនធ្លាប់បានសុំជិះម៉ូតូជាមួយជនរងគ្រោះ០១លេីកតែប៉ុណ្ណោះ​ ពុំបានពាក់ព័ន្ធអោបថេីប​ និងរួមភេទជាមួយជនរងគ្រោះទេ។ ចំពោះករណីនេះកម្លាំងជំនាញកំពុងបន្តតាមនីតិវិធី៕