គ្រួសារ ជីបម៉ុង ប្រកាសបរិច្ចាគថវិកា២លានដុល្លារជូនសម្តេចតេជោ ដើម្បីចូលរួមទិញមន្ទីរពេទ្យ «នគរទេព»

(ភ្នំពេញ)៖ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១នេះ ក្រុមហ៊ុន ជីបម៉ុង បានប្រកាសសូមបរិច្ចាគថវិកា២លានដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដើម្បីចូលរួមទិញយកមន្ទីរពេទ្យព្យាបាលជំងឺកូវីដ១៩ «នគរទេព» ដែលនឹងប្តូរឈ្មោះថាជាមន្ទីរពេទ្យ «ហ្លួងម៉ែ» នេះបើតាមប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ថ្លែងប្រាប់លោក លឹម ជា វុត្ថា អគ្គនាយកបណ្តាញព័ត៌មាន Fresh News នៅយប់ថ្ងៃនេះ។

រាជរដ្ឋាភិបាលកម្ពុជា នឹងទិញយកមន្ទីរពេទ្យព្យាបាលជំងឺកូវីដ១៩ឈ្មោះ «នគរទេព» មានទីតាំងស្ថិតក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ហើយប្តូរឈ្មោះថាជាមន្ទីរពេទ្យ «ហ្លួងម៉ែ» វិញ។ បន្ទាប់ពីទិញរួចរាល់ម្ចាស់មន្ទីរពេទ្យនគរទេព នឹងយកថវិកាពីការលក់នេះទៅសាងសង់មន្ទីរពេទ្យ «នគរទេព» ថ្មីមួយទៀត។

សូមជំរាបថា មន្ទីរពេទ្យអន្តរាគមន៍ជំងឺកូវីដ១៩ «ពេទ្យនគរទេព» មានទីតាំងស្ថិតក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ គឺជាមន្ទីរពេទ្យទីពីរ បន្ទាប់ពីអតីតសណ្ឋាគារអាំងទែរកង់ទីណង់តាល់ «The Great Duke» ដែលត្រូវបានប្រែក្លាយជាមន្ទីរពេទ្យព្យាបាលអ្នកជំងឺកូវីដ១៩។ មន្ទីរពេទ្យស្ត្រីនគរទេព សាងសង់ឡើងក្នុងឆ្នាំ២០១១ ក្រោមមូលនិធិនគរទេព ដោយក្នុងនោះ លោកជំទាវ អ៉ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី គឺជាសហស្ថាបនិកមួយរូប៕

អត្ថបទមុន÷ រាជរដ្ឋាភិបាល ទិញយកមន្ទីរពេទ្យព្យាបាលជំងឺកូវីដ១៩ «នគរទេព» ហើយប្តូរឈ្មោះថាជាមន្ទីរពេទ្យ «ហ្លួងម៉ែ»

ប្រភពព័ត៌មាន÷ Fresh News