បញ្ហាឈឺចង្កេះ ដែលយើងតែងជួបញឹកញាប់

អាការៈឈឺចង្កេះ គឺជារោគសញ្ញាមួយដែលកើតមានឡើងជាញឹកញាប់ និងទូទៅមិនមានសភាពធ្ងន់ធ្ងរទេ តែជាមូលហេតុចម្បងដែលធ្វើអោយអ្នកជំងឺភាគច្រើនធ្វើការងារមិនបាន ឫរំខានញឹកញាប់កិច្ចការប្រចាំថ្ងៃ។ ការឈឺចង្កេះអាចកើតលើមនុស្សគ្រប់វ័យ ហើយភាគច្រើននៅក្នុងអាយុចន្លោះពី ៤៥ ទៅ ៥០ ឆ្នាំ។ ប្រសិនបើយើងមិនបានធ្វើការព្យាបាលអោយបានត្រឹមត្រូវនោះទេ បញ្ហាឈឺចង្កេះនេះ នឹងអាចវិវត្តន៍ទៅជាជំងឺរ៉ាំរ៉ៃ ឬធ្ងន់ធ្ងរ។

ក) មានមូលហេតុជាច្រើនដែលបណ្តាលអោយឈឺចង្កេះរួមមាន៖

– វិបត្តិសាច់ដុំ សរសៃពួរតឆ្អឹងត្រង់សន្លាក់

– ការសឹកសន្លាក់ឆ្អឹង ឬដោយសារការពុកឆ្អឹងចង្កេះ

– ការរលាកសន្លាក់ឆ្អឹង និងឆ្អឹងចង្កេះ

– ភាពចុះខ្សោយ និងការលូនមកក្រៅនៃទ្រនាប់ឆ្អឹង

– ការបាក់បែកឆ្អឹងចង្កេះដែលបណ្តាលមកពីគ្រោះថ្នាក់ ប៉ះទង្គិច ធ្លាក់ពីទីខ្ពស់ និងរអិលជាដើម

– ការគាប ឬសង្កត់ទៅលើសរសៃប្រព័ន្ធប្រសាទ

– ជំងឺមហារីក ។ល។

បញ្ជាក់៖ មូលហេតុភាគច្រើនបណ្ដាលមកពីការលូនមកក្រៅនៃទ្រនាប់ឆ្អឹង ហើយប្រសិនបើមិនបានធ្វើរោគវិនិច្ឆ័យឲ្យបានឆាប់រហ័ស និងព្យាបាលឲ្យបានត្រឹមត្រូវ វាអាចផ្ដល់ផលវិបាកដូចជា ពិការជើង វិបត្តិបន្ទោរបង់ និងការឈឺចាប់ខ្លាំងរហូតមិនអាចធ្វើការបាន។

ខ) កត្តាប្រឈមមុខនឹងបញ្ហាឈឺចង្កេះមានដូចជា៖

– អ្នកធ្វើការងារដោយប្រើកំលាំងកាយខ្លាំងដូចជា លីសែងរបស់ធ្ងន់ៗ

– អ្នកធ្វើការងារដែលអង្គុយ ឬឈរដោយប្រើរយៈពេលយូរ

– ស្ត្រីមានផ្ទៃពោះ មនុស្សធាត់ មនុស្សចាស់ជរា

– អ្នកដែលពុំសូវបានហាត់ប្រាណជាប្រចាំ

– ស្ត្រីដែលចូលចិត្តពាក់ស្បែកជើងកែងខ្ពស់ៗ

គ) ការធ្វើរោគវិនិច្ឆ័យត្រូវពឹងផ្អែកលើ៖

– ការសាកសួរពីរោគសញ្ញា និងការពិនិត្យមើលអ្នកជំងឺ

– ការពិនិត្យមើលឈាមមួយចំនួនទៅតាមប្រភេទជំងឺ

– ការថតឆ្លុះឆ្អឹងខ្នងដោយម៉ាស៊ីន កាំរស្មីអ៊ិច អ៊ឹមអរអាយ ស្កាន់នែរ (X-Ray, MRI, Scanner) ជាដើម។

ឃ) ការព្យាបាល៖

ការព្យាបាលគឺអាស្រ័យទៅលើការធ្វើរោគវិនិច្ឆ័យច្បាស់លាស់ និងការពិភាក្សាជាមួយគ្រូពេទ្យទៅតាមជំនាញឯកទេសពិតប្រាកដ ព្រមទាំងមានឧបករណ៍ពិនិត្យទំនើបដើម្បីទទួលបាននូវប្រសិទ្ធភាពខ្ពស់ និងប្រកបដោយការជឿទុកចិត្ត។

ការព្យាបាលគឺទៅតាមប្រភេទជំងឺមានដូចជា៖

– ការព្យាបាលដោយប្រើប្រាស់ថ្នាំ

– ការវះកាត់

– ការព្យាបាលដោយចលនា

– ការសម្រាកពីការងារទៅតាមសភាពធ្ងន់ធ្ងរនៃជំងឺ

– ការអប់រំពីរបៀបរស់នៅដែលល្អសម្រាប់អ្នកមានបញ្ហាឈឺចង្កេះ

«សូមកុំទុកអោយបញ្ហាឈឺចង្កេះនេះរំខានដល់ការរស់នៅរបស់លោកអ្នកតទៅទៀត ដោយសូមឆាប់មកពិនិត្យជាមួយក្រុមគ្រូពេទ្យឯកទេសនៃមន្ទីរពេទ្យកាល់ម៉ែត ដើម្បីជៀសវាងផលវិបាកធ្ងន់ធ្ងរទៅថ្ងៃក្រោយ។»៕