មុខសញ្ញាលួច ០២នាក់ និងអ្នកទទួលផលចោរកម្មម្នាក់ ត្រូវសមត្ថកិច្ចបន្ទាយមានជ័យ កសាងសំណុំរឿងបញ្ជូនទៅតុលាការ

បន្ទាយមានជ័យ៖ យោងតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះឈ្មោះ WIL LY (វីល លី) ភេទប្រុស អាយុ៣៤ឆ្នាំ ជាជនជាតិឥណ្ឌូនេស៊ី ស្នាក់នៅបណ្ដោះ អាសន្នភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ស្ដីពីករណីបាត់ម៉ូតូ០១គ្រឿងម៉ាក់ហុងដាឃ្លីក ពណ៌ស-ខ្មៅ ផលិតឆ្នាំ២០០៦ គ្មានស្លាកលេខ ដែលរូបគេចតទុកនៅមុខហាងលក់ដូររបស់ខ្លួន កាលពីវេលាម៉ោង១និង០០នាទីយប់ ថ្ងៃទី២៤.០៣.២០២១។

ក្រោយពីទទួលបានពាក្យបណ្ដឹងកម្លាំងជំនាញចុះធ្វើការស្រាវជ្រាវ និងឆែកកាមេរ៉ាសុវត្ថិភាពក្នុងហាងលក់ដូរ ទើបកំណត់មុខសញ្ញាបាន ហើយបន្តស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់ និងតាមចម្លើយសារភាពពួកគេពេលលួចម៉ូតូបានយកទៅបញ្ចាំនៅហាងបញ្ចាំមួយកន្លែងស្ថិតក្នុងភូមិក្បាលស្ពាន២ ក្នុងក្រុងប៉ោយប៉ែត និងបានបន្តតាមនីតិវិធី សុំគោលការណ៍ចុះដល់កន្លែងទទួលបញ្ចាំ និងឆែកឆេរឃ្លាំងរបស់ឈ្មោះ ឡាយ សាន ភេទប្រុស អាយុ៤៩ឆ្នាំ ហើយរកឃើញវត្ថុតាងម៉ូតូចំនួន ៤១គ្រឿង ក្នុងនោះមានម៉ូតូជនរងគ្រោះជនជាតិឥណ្ឌូនេស៊ី០១គ្រឿងផងដែរ និងម៉ូតូកង់បីចំនួន០៧គ្រឿង ស្លាកលេខម៉ូតូ០២សន្លឹក ស្លាកលេខរថយន្ត០៦សន្លឹក រួមជាមួយសម្ភារ:ជួសជុលម៉ូតូមួយចំនួនធំ ក្រោយពីឆែកឆេររួចជនទទួលផលចោរកម្មឈ្មោះ ឡាយ សាន និងវត្ថុតាងទាំងអស់ត្រូវបានមន្ត្រីជំនាញបានកសាងសំណុំរឿងតាមនីតិវិធី៕