រដ្ឋបាលខេត្តព្រះសីហនុ សម្រេចផ្អាកទីតាំងជួលបន្ទប់ ៣កន្លែង ក្នុងសង្កាត់លេខ៤ និងដាក់ជាមណ្ឌលចត្ដាឡីស័ក ក្រោយពាក់ព័ន្ធអ្នកកើតកូវីដ-១៩

(ព្រះសីហនុ)៖ រដ្ឋបាលខេត្តព្រះសីហនុ បានសម្រេចផ្អាកជាបណ្ដោះអាសន្នទីតាំងជួលបន្ទប់ចំនួន៣កន្លែង ក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ និងដាក់ជាមណ្ឌលចត្ដាឡីស័កវិញ ក្រោយរកឃើញថា ទីតាំងទាំងនោះ មានជាប់ពាក់ព័ន្ធនឹងអ្នកជំងឺកូវីដ-១៩។

លិខិតផ្ញើទៅកាន់ម្ចាស់ទីតាំងជួលបន្ទប់៣ដាច់ដោយឡែកពីគ្នានៅថ្ងៃទី២៨ ខែមីនា នេះ រដ្ឋបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា ដើម្បីទប់ស្ដាត់ការរីករាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍តម្រូវឲ្យលោកផ្អាកជាបណ្ដោះអាសន្ន ការចេញ-ចូលផ្ទះជួលនោះជាបន្ទាន់។ បន្ថែមពីលើនោះ មិនអនុញ្ញាតឲ្យមានភ្ញៀវថ្មីចូលស្នាក់នៅ ហើយក៏មិនអនុញ្ញាតឲ្យមនុស្ស ដែលកំពុងស្នាក់នៅក្នុងផ្ទះជួល ចេញ-ចូល ដោយគ្មានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ចឡើយ។

រដ្ឋបាលខេត្តព្រះសីហនុ បានបន្ថែមទៀតថា ក្រុមការងាររដ្ឋបាលខេត្ដ នឹងរៀបចំទីតាំងនេះជាមណ្ឌលចត្ដាឡីស័ក ហើយក្រុមឆ្លើយតបបន្ទាន់ នៃមន្ទីរសុខាភិបាលខេត្ត នឹងយកវត្ថុសំណាកពីអ្នករស់នៅ ក្នុងផ្ទះជួលទាំងអស់ ដើម្បីធ្វើតេស្ដរកវីរុសកូវីដ-១៩។

រដ្ឋបាលខេត្ដព្រះសីហនុ សម្រេចផ្អាកអាជីវកម្មគ្រប់ប្រភេទ នៅក្នុងផ្ទះជួលរបស់លោក ជាបណ្ដោះអាសន្ដ និងដាក់ជាមណ្ឌលចត្ដាឡីស័ក ចាប់ពីពេលជូនដំណឹងនេះតទៅ រហូតដល់មានការជូនដំណឹងថ្មី។ ក្នុងដំណាក់កាលនេះ អ្នកពាក់ព័ន្ធទាំងអស់ នៅក្នុងផ្ទះជួលត្រូវតែយកសំណាកតេស្ដ និងធ្វើចត្ដាឡីស័កគ្រប់ៗគ្នា ឲ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល៕