អង្គការ WHO និងមេដឹកនាំប្រទេសចំនួន២៣ បង្ហាញការគាំទ្រលើគំនិតបង្កើតសន្ធិសញ្ញាជំងឺរាតត្បាតសម្រាប់ភាពអាសន្ននាពេលអនាគត

អាមេរិក៖ មេដឹកនាំប្រទេសចំនួន២៣ និងអង្គការសុខភាពពិភពលោក (WHO) នៅថ្ងៃអង្គារ៍នេះ បានបង្ហាញការគាំទ្រដល់គំនិតបង្កើតសន្ធិសញ្ញាអន្តរជាតិមួយ ដែលនឹងជួយពិភពលោកក្នុងការដោះស្រាយបញ្ហាសុខភាពនាពេលអនាគត ដូចជាជំងឺ Covid-19 ដែលកំពុងតែរីករាលដាលពាសពេញពិភពលោក ។

បណ្តាមេដឹកនាំប្រទេសដែលគាំទ្រគំនិតខាងលើនេះរួមមាន បារាំង អាល្លឺម៉ង់ ក្រិក ឥណ្ឌូណេស៊ី កូរ៉េខាងត្បូង អេស្ប៉ាញ ទ្រីនីដេដ និង តូបាហ្គោ ទុយនីស៊ី អ៊ុយក្រែន ចក្រភពអង់គ្លេស និងអង្គការសុខភាពពិភពលោក (WHO) ជាដើម ។ គំនិតបង្កើតសន្ធិសញ្ញាអន្តរជាតិនេះ មានគោលបំណងសម្រួលដល់ការទទួលបានថ្នាំពេទ្យ ឬវ៉ាក់សាំងប្រកបដោយសមធម៌ ត្រូវបានលើកឡើងដោយប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក ឆាល មីឈែល កំឡុងកិច្ចប្រជុំកំពូល G20 កាលពីខែវិច្ឆិកា កាលពីឆ្នាំ២០២០ ។

ហើយសន្ធិសញ្ញាអន្តរជាតិខាងលើនេះទៀតសោត ក៏បានសង្កត់ធ្ងន់ផងដែរ ចំពោះវិស័យសុខភាពមនុស្ស សត្វ និងពិភពលោក ដែលត្រូវបានចាត់ទុកថា មានជាប់ពាក់ព័ន្ធនឹងគ្នា ហើយប្រទេសទាំងអស់គួរតែចូលរួមចំណែកទទួលខុសត្រូវ និងធ្វើកិច្ចសហប្រតិបត្តិការជាសកលប្រកបដោយតម្លាភាព ៕