សូមប្រុងប្រយ័ត្នការអូសទាញវិនិយោគលើរូបីយប័ណ្ណឌីជីថល ដែលពុំមានប្រភពច្បាស់លាស់

នាយកដ្ឋានព័ត៌មានវិទ្យា៖ បន្ទាប់ពីការចុះផ្សាយលេីកមុន​ នៅពេលថ្មីៗនេះ​យើងសង្កេតឃើញមានសកម្មភាពអូសទាញវិនិយោគលើបណ្តាញទំនាក់ទំនងសង្គមនៅតែបន្តកេីតមាន​ជាបន្តបន្ទាប់​ពិសេសកម្មវិធី Telegram ដែលគណនីរបស់អ្នកត្រូវបានដាក់បញ្ចូលក្នុងគ្រុបបរទេស (Group) ឬមានជនបរទេសទាក់ទងមកគណនីរបសស់អ្នកផ្ទាល់ (Personal Chat) ដែលពិភាក្សាអំពីការវិនិយោគលើ “កាក់ឌីជីថល” ឬហៅម្យ៉ាងទៀតថា “រូបីយប័ណ្ណឌីជីថល”។ គួរបញ្ជាក់ផងដែរថា ប្រសិនបើអ្នកមើលអត្ថបទសារក្នុងគ្រុបទាំងនោះ អ្នកនឹងឃើញអំពីភាពជោគជ័យនៃការវិនិយោគរបស់សមាជិកផ្សេងៗ ដូចជាការដាក់ប្រាក់ (Deposit) និងការដកប្រាក់ចំណេញ (Withdraw) ជាដើម។ បើយោងតាមសេចក្តីរាយការណ៍កន្លងមក មានជនរងគ្រោះជាច្រើនបានធ្លាក់ក្នុងគម្រោងឆបោក និងខាតបង់ប្រាក់ ជាច្រើនករណី។

ដើម្បីការពារពីការចាញ់បោក ខាតបង់ប្រាក់ និងពេលវេលា នាយកដ្ឋានព័ត៌មានវិទ្យា សូមណែនាំបងប្អូនពលរដ្ឋទាំងអស់មេត្តាប្រុងប្រយ័ត្ន ធ្វើការពិចារណា និងពិភាក្សាជាមួយអ្នកជំនាញ ឲ្យបានដិតដល់មុនពេលចំណាយប្រាក់វិនិយោគលើជំនួញដែលបងប្អូនពុំបានយល់ដឹងច្បាស់។

បញ្ជាក់៖ អត្ថបទនេះមានគោលបំណងអប់រំបងប្អូនពលរដ្ឋកុំឲ្យចាញ់ការឆបោកក្រុមជនខិលខូចមួយចំនួនប៉ុណ្ណោះ ហើយក្រុមការងារសូមបញ្ជាក់ថាអត្ថន័យខាងលើពុំសំដៅដល់ក្រុមហ៊ុន ឬភ្នាក់ងារស្របច្បាប់មួយចំនួន ដែលកំពុងប្រតិបត្តិវិនិយោគរូបីយប័ណ្ណឌីជីថល ក្នុងព្រះរាជាណាចក្រកម្ពុជា នោះឡើយ៕

ប្រភព ព័ត៌មាន