គ្រឿងញៀន ០៣គីឡូក្រាម និងជនជាតិឡាវម្នាក់ ត្រូវសមត្ថកិច្ចចាប់ខ្លួននៅព្រំដែន កម្ពុជា~ឡាង

ស្ទឹងត្រែង៖ ថ្ងៃពុធ ៣រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ នៅវេលាម៉ោង ១០:៣០នាទី ដោយមានការបញ្ផាផ្ទាល់ពី លោកឧត្ដមសេនីយ៍ទោ អូត សុីវុត្ថា ស្នងការនគរបាលខេត្ត នឹងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម ជេត ខេមរា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្ទឹងត្រែង មន្រ្តីអនុវត្តច្បាប់ នៃផែនការងារប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង បានបង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែនខុសច្បាប់ ០១ករណី នៅចំណុចក្បែរស្ពានទី២ ផ្លូវក្រវាត់ព្រំដែនកម្ពុជា-ឡាវ ស្ថិតក្នុងភូមិសាស្ត្រភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ឃាត់ខ្លួនជនសង្ស័យឈ្មោះ ផិត សាម៉នណយ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិឡាវ ទីលំនៅ ភូមិហាតសាឃូន ស្រុកខូង ខេត្តចំប៉ាសាក់ ប្រទេសឡាវ ។ ដកហូតវត្ថុតាងសង្ស័យជាគ្រឿងញៀនប្រភេទមេតំហ្វេតាមីនចំនួន ០៣ដុំធំ (ប្រហែល៣គីឡូក្រាម)។

បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបានមន្រ្តីអនុវត្តច្បាប់ នៃផែនការងារប្រឆាំងគ្រឿងញៀន រៀបចំសំណុំឯកសារបញ្ជូនជនសង្ស័យ និងវត្ថុតាងទៅអយ្យការអមសាលាដំបូងខេត្ត និងស្វែងរកមុខសញ្ញាពាក់ព័ន្ធផ្សេងទៀតដើម្បីចាត់ការតាមនីតិវិធី៕