ឪពុកម្តាយទៅចូលរួមបុណ្យសាច់ញាតិក្នុងភូមិហើយត្រឡប់មកផ្ទះវិញស្រាប់តែកូនជាទីស្រឡាញ់លង់ទឹកស្លាប់

(បន្ទាយមានជ័យ)÷ ករណីកុមារីម្នាក់បានលង់ទឹកស្រះស្លាប់ យ៉ាងអាណោចអាធ័មគ្មានអ្នកណាដឹង ដោយឪពុក ម្តាយទៅចូលរួមបុណ្យសាច់ញាតិក្នុងភូមិ ហើយត្រឡប់មកផ្ទះវិញស្រាប់តែកូនជាទីស្រឡាញ់ នៅវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ នៅភូមិមនោរម្យ ឃុំភ្នំតូច ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។

យោងតាមប្រភពព័ត៌មានរបស់នគរបាលស្រុកមង្គលបូរីបានអោយដឹងថា៖ កុមារីរងគ្រោះមានឈ្មោះ ម៉ុល ឧស្សា ភេទស្រី អាយុ ៧ឆ្នាំ មានឪពុកឈ្មោះមៀន សុខុល អាយុ៣៥ឆ្នាំ និងម្តាយឈ្មោះ ថន ស្រី អាយុ៣៩ឆ្នាំ នៅភូមិមនោរម្យ ឃុំភ្នំតូច ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

ប្រភពនគរបាលបានបញ្ជាក់ថា៖ មុនពេលកើតហេតុឪពុកម្តាយក្មេងស្រីរងគ្រោះ បាននាំគ្នាទៅចូលរួមក្នុងកម្មវិធីបុណ្យសាច់ញាតិក្នុងភូមិ អោយកូនដែលរងគ្រោះនោះនៅផ្ទះម្នាក់ឯង។នៅពេលត្រឡប់ពីកម្មវិធីបុណ្យវិញមកដល់ផ្ទះមិនឃើញកូនមកហូបបាយ ដោយចាំមើលយូរពេកគាត់បានទៅសួរអ្នកជិតខាង គេថាមិនដឹងទៅណាទេ ដោយមានការសង្ស័យក្មេងទៅងូតទឹកដើរមើលស្រះទឹកដែលនៅចម្ងាយពីផ្ទះ១០០ម៉ែត្រ ស្រាប់តែឃើញស្បែកជើងនៅមាត់ស្រះ បន្ទាប់មកក៏នាំគ្នាចុះរាវរកក៏ប្រទះឃើញសពក្មេងស្រីបានស្លាប់ក្នុងទឹកស្រះមិនដឹងតាំងពីពេលណានោះទេ។

សម្រាប់សពក្មេងស្រីបានប្រគល់ជូនក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី បន្ទាប់នគរបាលពិនិត្យធ្វើកោសល្យវិច្ច័យរួច៕