គួរឱ្យអនិច្ចាណាស់លោកតាម្នាក់វ័យ ៧០ឆ្នាំ បានស្លាប់ក្នុងភ្នក់ភ្លើងខណៈពេលភ្លើងឆេះព្រៃរាលរត់ចេញមិនរួច

ខេត្តត្បូងឃ្មុំ៖ ហេតុការណ៍នេះ បានកើតឡើងនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ វេលាម៉ោងប្រមាណ ០១:២៥នាទីរសៀល នៅចំណុចដីចំការ មួយកន្លែង ស្ថិតនៅខាងលិច ភូមិទឹកចេញ ឃុំជីរោទិ៍ទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។ ពេលភ្លើងកំពុងឆេះសន្ធោរសន្ធៅ ប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុជាច្រើននាក់ បាននាំគ្នាទៅជួយពន្លត់ភ្លើង ក៏ប្រទះឃើញសពជនរងគ្រោះឈ្មោះ អ៊ុក ចយ ភេទប្រុស អាយុ៧០ឆ្នាំ ជាតិខ្មែរ រស់នៅភូមិឃុំកើតហេតុខាងលើ ត្រូវបានភ្លើងឆេះរោលខ្លោចខ្លួននៅក្នុងព្រៃស្លាប់យ៉ាងអាណោចអាធម័ ។បន្ទាប់ពីបានទទួលព័ត៌មានភ្លាម កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជីរោទិ៍ទី២ ដោយមានការ ចូលរួមសហការពីគ្រូពេទ្យមណ្ឌលសុខភាពជីរោទិ៍ទី២ និងអាជ្ញាធរមូល ដ្ឋានភូមិ ឃុំ បានចុះដល់កន្លែងកើតហេតុ ធ្វើការពិនិត្យស្រាវជ្រាវ និងសន្និដ្ឋានថា សព ពិតជាស្លាប់ដោយសារភ្លើងព្រៃឆេះរាលខណៈពេលចូលទៅពន្លត់ភ្លើងដែលកំពុងរាលឆេះព្រៃនោះ ដោយមានខ្យល់ខ្លាំងភ្លើងឆាបឆេះរត់គេចពីភ្លើងមិនរួច ។

ក្រោយពីមន្ត្រីជំនាញធ្វើការ ពិនិត្យរួច សព ត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕