ប្រទេសកូរ៉េខាងត្បូង វៀតណាម ហ្វីលីពីន និងឥណ្ឌូណេស៊ី កំពុងរកប្រភពវ៉ាក់សាំងបន្ថែម ក្រោយឥណ្ឌាផ្អាកការផ្គត់ផ្គង់ COVAX

(អាស៉ី)៖ បណ្តាប្រទេសមួយចំនួននៅតំបន់អាស៉ី កំពុងត្រូវខ្នះខ្នែងស្រវារកប្រភពវ៉ាក់សាំងបន្ថែម ខណៈការផ្គត់ផ្គង់វ៉ាក់សាំង COVID-19 តាមយន្តការអន្តរជាតិ COVAX ដែលគាំទ្រដោយអង្គការសុខភាពពិភពលោក (WHO) បានរងផលប៉ះពាល់ ព្រោះតែឥណ្ឌាសម្រេចដាក់កំហិត លើការនាំចេញវ៉ាក់សាំង។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅរសៀលថ្ងៃអង្គារ ទី៣០ ខែមីនា ឆ្នាំ២០២១។

កូរ៉េខាងត្បូង ហ្វីលីពីន វៀតណាម និងឥណ្ឌូណេស៉ីជាដើម សុទ្ធតែស្ថិតក្នុងចំណោមប្រទេស ដែលត្រូវប្រឈមការការទទួលបានវ៉ាក់សាំង តិចជាងការសន្យានៅក្រោមកម្មវិធី COVAX ហើយពេលវេលាដែលវ៉ាក់សាំងមកដល់ ក៏ត្រូវពន្យារពេលផងដែរ។ កូរ៉េខាងត្បូងបានឲ្យដឹងថា ខ្លួនកំពុងជជែកពិភាក្សាជាមួយក្រុមហ៊ុន AstraZeneca ដើម្បីពន្លឿនការដឹកជញ្ជូនវ៉ាក់សាំង ដែលទិញតាមរយៈកិច្ចព្រមព្រៀងដាច់ដោយឡែកផ្សេង។ ចំណែកហ្វីលីពីន និងវៀតណាមបានងាកទៅស្នើឲ្យខាងវិស័យឯកជន ជួយនាំចូលវ៉ាក់សាំង។

ជាមួយគ្នានេះ ប្រទេសហ្វីលីពីន និងឥណ្ឌូណេស៉ី បច្ចុប្បន្នកំពុងពឹងផ្អែកជាចម្បង ទៅលើវ៉ាក់សាំងបានមកពីក្រុមហ៊ុនចិន Sinovac ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ខ្លួន ហើយហ្វីលីពីន និងវៀតណាម ក៏ជាប្រទេសដែលបានអនុម័តឲ្យប្រើវ៉ាក់សាំង Sputnik V របស់រុស្ស៉ីផងដែរ។

គួរបញ្ជាក់ថា ឥណ្ឌាដែលជាអ្នកផលិតវ៉ាក់សាំង ធំជាងគេលើពិភពលោក បានសម្រេចផ្អាកជាបណ្តោះអាសន្ន លើការនាំចេញវ៉ាក់សាំង AstraZeneca ដែលផលិតដោយវិទ្យាសា្ថនឥណ្ឌា SII ដើម្បីផ្តោតលើការកើនឡើងនៃតម្រូវការក្នុងស្រុក ព្រោះតែការឆ្លងរាលដាល COVID-19 បាននិងកំពុងស្ទុះឡើងវិញយ៉ាងខ្លាំងក្លា។

ក្នុងខែមីនា និងខែមេសាខាងមុខ ឥណ្ឌាដំបូងឡើយត្រូវប្រគល់វ៉ាក់សាំង ៩០លានដូសឲ្យកម្មវិធី COVAX របស់ WHO ហើយវាមិនទាន់ច្បាស់នោះទេថា វ៉ាក់សាំងចំនួនប៉ុន្មាន នឹងត្រូវបង្វែរយកទៅប្រើប្រាស់ នៅក្នុងប្រទេសឥណ្ឌាផ្ទាល់វិញ ប៉ុន្តែខាងឥណ្ឌាបានឲ្យដឹងមុនថា ការពន្យារពេលដឹកជញ្ជូន គឺជៀសមិនផុតទេ។ ខណៈឥណ្ឌាមិនបានប្រាប់ច្បាស់ពីរយៈពេលផ្អាក នៃការនាំចេញវ៉ាក់សាំង អង្គការ UNICEF ដែលជាដៃគូចែកចាយរបស់កម្មវិធី COVAX បានលើកឡើងកាលពីចុងសប្តាហ៍មុនថា វាអាចនឹងបន្តឡើងវិញ មិនយូរជាងខែឧសភាខាងមុខឡើយ៕