ខេត្តរតនគិរី តម្រូវអោយអ្នក ដែលចេញពីខេត្ត ទៅសែនឆេងម៉េង ពេលត្រឡប់មកវិញ ត្រូវធ្វើចត្តាឡីស័កនៅផ្ទះ ១៤ថ្ងៃ

(ខេត្តរតនគិរី)៖ ក្នុងសេចក្តីណែនាំ ស្តីពីវិធានការ និងការទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឯកឧត្តម ថង សាវុន អភិបាលខេត្តរតនគិរី បានណែនាំថា ចៀសវាងនូវការធ្វើដំណើរមិនចាំបាច់ទៅកាន់ ឬចេញចូលតំបន់ ឬទីកន្លែង ដែលមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលជំងឺកូវីដ១៩ ដែលកំណត់ដោយក្រសួងសុខាភិបាល និងអាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ធ។

ក្នុងករណីបងប្អូនប្រជាពលរដ្ឋ ជាពិសេសបងប្អូនខ្មែរកាត់ខ្សែស្រឡាយចិន ដែលត្រូវធ្វើដំណើរទៅកាន់ស្រុកកំណើត ដើម្បីចូលរួមពិធីសែនផ្នូរ ពូនផ្នូរ ( ឆេងម៉េង ) តាមប្រពៃណី ក្រោយពីត្រឡប់មកវិញ ត្រូវចូលរួមសហការជាមួយសមត្ថកិច្ច ក្នុងការផ្តល់ព័ត៌មានលម្អិតអំពីគោលដៅ ដែលខ្លួនបានទៅចូលរួម និងត្រូវធ្វើចត្តាឡីស័កដោយខ្លួនឯង នៅផ្ទះរបស់ខ្លួន ចំនួន ១៤ថ្ងៃ ដោយមានការតាមដាន និងត្រួតពិនិត្យសុខភាពពីគ្រូពេទ្យជំនាញ ស្របតាមវិធានរបស់សុខាភិបាល៕