ជ្រូក ៣៨ក្បាល ត្រូវសមត្ថកិច្ចជំនាញធ្វើការដុតកម្ទេច ក្រោយពីរកឃើញថាមានជំងឺប៉េស្តអាហ្រ្វិច

នៅវេលាម៉ោង ១៥ និង ៣០នាទីរសៀល ថ្ងៃព្រហស្បតិ៍ ៤រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព​.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ១ ខែ មេសា ឆ្នាំ២០២១ ក្រុមអន្តរាគមន៍បង្រ្កាបបទល្មើសចលនាសត្វ នៃការិយាល័យផលិតកម្ម និងបសុព្យាបាល និងដោយមានការសម្របសម្រួលពីឯកឧត្តម មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ ដោយបានអនុញ្ញាតដល់សមត្ថកិច្ចជំនាញផលិតកម្ម និងបសុព្យាបាលខេត្ត ដើម្បីកម្ទេចចោលនូវសត្វជ្រូកដែលមានជំងឺប៉េស្តអាហ្រ្វិច ចំនួន ៣៨ក្បាល ដែលសមត្ថិកិច្ចជំនាញ សហការជាមួយក្រុមអន្តរាគមបង្រ្កាបបទល្មើសចលនាសត្វ និងផលិតផលមានដើមកំណើតពីសត្វរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ឃាត់ចាប់បានសត្វជ្រូករស់ចំនួន ៣៨ក្បាល នៅចំណុចខាងកើតសាលាស្រុកអូរជ្រៅ កាលពីវេលាម៉ោង ១៤ និង ១០នាទីរសៀលថ្ងៃទី ៣០ ខែ មីនា ឆ្នា២០២១ ស្ថិតក្នុងភូមិសាស្រ្តភូមិសូរិយាថ្មី ឃុំកូប ស្រុកអូរជ្រៅ ។ ក្នុងនោះមន្រ្តីជំនាញបានយកសំណាកវិភាគពីជ្រូកចំនួន ០២ក្បាល ឃើញថា សត្វជ្រូក១ក្បាលក្នុងចំណោមសំណាកវិភាគនោះ មានវិជ្ជមានជំងឺប៉េស្តជ្រូកអាហ្រ្វិច ផ្អែកតាមលទ្ធផលវិភាគលេខ 250/21 វ.ជ.ស.ស.ផ ចុះថ្ងៃទី ០១ ខែ មេសា ឆ្នាំ២០២១ ដែលចេញដោយនាយកវិទ្យាស្ថានជាតិស្រាវជ្រាវសុខភាពសត្វ និងផលិតកម្មសត្វ ។ ដូចនេះសមត្ថកិច្ចជំនាញវិស័យសុខភាពសត្វ និងផលិតកម្មសត្វ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ សម្រេចធ្វើការដុតកម្ទេចចោលនូវកូនជ្រូកផ្ទុកជំងឺទាំង ៣៨ក្បាល ដែលផ្ទុកជំងឺប៉េស្តជ្រូកអាហ្រ្វិច នៅបរិវេណដីឡូតិ៍ ភូមិខ្លាកូន សង្កាត់កំពង់ស្វាយ ក្រុងសិរិសោភ័ណ ខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង ១៦,០០រសៀល នាថ្ងៃទី ១ ខែ មេសា ឆ្នាំ២០២១ ស្របតាមវិធានបសុពេទ្យ ៕