ថវិកាប្រមាណជិត2ពាន់លានដុល្លារ ត្រូវបានចំណាយទប់ទល់នឹងវិបត្តិជំងឺកូវីដ-19

ភ្នំពេញ៖ ប្រទេសកម្ពុជាដើម្បីទប់ទល់នឹងវិបត្តិជំងឺកូវីដ-19 ដែលកំពុងបន្តយាយីទៅលើសុខភាពរបស់ប្រជាពលរដ្ឋបានចំណាយថវិកាប្រមាណជិត 2ពាន់លានដុល្លារអាមេរិកហើយ ។ នេះបើតាម ឯកឧត្តម វង្ស៊ី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុកម្ពុជាបានថ្លែងក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីហិរញ្ញវត្ថុអាស៊ានលើកទី 25 (25th AFMM) នៅក្នុងសប្ដាហ៍នេះតាមរយៈប្រព័ន្ធវីដេអូ។

ឯកឧត្តម វង្ស៊ី វិស្សុត បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាបានខិតខំប្រឹងប្រែងក្នុងការអនុវត្តវិធានការទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-19 និងគ្រប់គ្រងផលប៉ះពាល់មកលើវិស័យសំខាន់ៗនៃសេដ្ឋកិច្ចកម្ពុជា តាមរយៈការដាក់ចេញនូវវិធានការអន្តរាគមន៍ចំនួន 8ជុំ ដែលសរុបជាទឹកប្រាក់ប្រមាណ 1.164លានដុល្លារក្នុងឆ្នាំ2020 និង 719លានដុល្លារ ក្នុងឆ្នាំ2021នេះ។

បន្ថែមពីនេះ លោកបានបន្តទៀតថា រាជរដ្ឋាភិបាលកម្ពុជាកំពុងរៀបចំដាក់ចេញនូវផែនការស្តារសេដ្ឋកិច្ចក្រោយវិបត្តិជំងឺកូវីដ-19 ឆ្នាំ2021-2023 ដោយផ្តោតសំខាន់លើអភិក្រមចំនួន 3 គឺ (1)- ការងើបឡើងវិញ និងការរស់រាន (Revival and Survival)៖ ការកសាងមូលដ្ឋានគ្រឹះរឹងមាំដើម្បីស្តារឡើងវិញនូវកំណើនសេដ្ឋកិច្ច (2)- ការកែទម្រង់ (Reform)៖ ប្រែក្លាយវិបត្តិទៅជាកាលានុវត្តភាព ដោយផ្តោតលើការធ្វើពិពិធកម្ម និងពង្រឹងការប្រកួតប្រជែងសេដ្ឋកិច្ច និង (3)- ការលើកកម្ពស់ភាពធន់ (Resilien ce)៖ ពង្រឹងការត្រៀមខ្លួនរបស់កម្ពុជា ទៅនឹងវិបត្តិដែលនឹងអាចកើតឡើងនាពេលអនាគត។

ក្រៅពីនេះ ឯកឧត្តម វង្សី វិស្សុត ក៏បានចូលរួមក្នុងកិច្ចពិភាក្សា រវាងរដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសាភិ បាលធនាគារកណ្តាលអាស៊ាន ជាមួយក្រុមប្រឹក្សាធុរកិច្ចអាស៊ាន (ASEAN BAC) ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អាមេរិក (US-ABC) និងក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-អឺរ៉ុប (EU-ABC) ដើម្បីពិភាក្សាលើចំណុច សំខាន់ៗ មួយចំនួន ដូចជា៖ ការជំរុញសេដ្ឋកិច្ចឌីជីថល ការតភ្ជាប់ពាណិជ្ជកម្មឌីជីថល ថាមពលបៃតង និងការផ្តល់ហិរញ្ញប្បទាន សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។

ក្នុងនោះ ឯកឧត្តម វង្សី វិស្សុត បានលើកឡើងអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តគោលនយោបាយកំណែទម្រង់នានា សំដៅបង្កើនភាពប្រកួតប្រជែងរបស់កម្ពុជា និងបង្កើតបរិយាកាសអំណោយផលសម្រាប់វិស័យឯកជនក្នុងការធ្វើអាជីវកម្ម និងការវិនិយោគទាំងក្នុងប្រទេស និងឆ្លងកាត់ព្រំដែន៕