អភិបាលខេត្តមណ្ឌលគិរី​ អញ្ជេីញជួបសំណេះសំណាលជាមួយបុគ្គលិកក្រុមគ្រូពេទ្យជួរមុខនៅមន្ទីរសុខាភិបាលខេត្ត

មណ្ឌលគិរី៖ នាព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី​ និងជាប្រធានអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩​ ក្របខណ្ឌទូទាំងខេត្តមណ្ឌលគិរី​ អមដំណេីរដោយលោក​ សាយ​ ម៉េងគីម​ អភិបាលរងខេត្តនិងជាអនុប្រធានគណៈកម្មការចំពោះកិច្ច​ចាក់វ៉ាក់សាំងកូវីដ-១៩​ និងលោក ជាក់​ ម៉េងហ៊ាង​ អភិបាលរងខេត្ត បានអញ្ជើញជួបសំណេះសំណាលជាមួយបុគ្គលិកក្រុមគ្រូពេទ្យចំនួន ៦០នាក់មកពីក្រុង​ ស្រុកទាំងប្រាំ​ ដេីម្បីត្រៀមចុះយុទ្ធនាការចាក់ វ៉ាក់សាំងកូវីដ-១៩ ទូទាំងខេត្តមណ្ឌលគិរី​ ចាប់ពីថ្ងៃទី​០៥ ខែមេសា ឆ្នាំ២០២១ តទៅ ហើយត្រូវបានបែងចែកជា ៤ក្រុម សំរាប់ចាក់វ៉ាក់សាំងកូវីដ-១៩ នៅគោលដៅដំបូងគេស្ថិតនៅក្នុងក្រុងសែនមនោរម្យ​ ខេត្តមណ្ឌលគិរី។ ថ្លែងក្នុងឱកាសសំណេះសំណាលនោះដែរ​ ឯ.ឧ​ ស្វាយ​ សំអ៊ាង​ បានថ្លែងអំណរអរគុណដល់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា​ ដែលមានសម្តេចអគ្គមហាសេនាបតី​តេជោ​ ហ៊ុន​ សែន​ ដែលបានគិតគូរពីសុខទុក្ខរបស់ប្រជាជនទូទាំងប្រទេសដោយបានចាក់វ៉ាក់សាំងជូនដល់មន្រ្តីរាជការ​ និងប្រជាពលរដ្ឋដោយឥតគិតថ្លៃ​។

ជាមួយគ្នានោះឯកឧត្ត​មអភិបាលខេត្តក៏បានថ្លែងនូវអំណរអរគុណដល់ថ្នាក់ដឹកនាំ​ មន្រ្តី​ បុគ្គលិក​ សុខាភិបាលគ្រប់លំដាប់ថ្នាក់ និងគ្រូពេទ្យជួរមុខចំពោះកិច្ចខិតខំប្រឹងប្រែង​កន្លងមកដែលបានចាក់វ៉ាក់សាំងកូវីដ​-១៩​លេីកទី១​ ​ជូនដល់ថ្នាក់ដឹកនាំខេត្ត​ មន្ទីរអង្គភាពជុំវិញខេត្ត​ កងកំលាំងប្រដាប់អាវុធទាំង៣​ ដែលជាអ្នកត្រូវបានផ្តល់អាទិភាពមុនគេប្រកបដោយជោគជ័យ៕

ប្រភព៖ រដ្ឋបាលខេត្តមណ្ឌលគិរី