CAMSOC÷ កីឡដ្ឋានធំនៃពហុកីឡដ្ឋានជាតិមរតកតេជោ សម្រេចបានលទ្ធផល៩៥%

ភ្នំពេញ៖ កីឡដ្ឋានធំ (Main Stadium)នៃពហុកីឡដ្ឋានជាតិមរតកតេជោ ស្ថិតនៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ គិតមកដល់ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២១ សម្រេចលទ្ធផល៩៥%ហើយ។

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) ថ្លែងនៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២១ ក្នុងឱកាសចុះពិនិត្យមើលការសាងសង់កីឡដ្ឋានធំនេះ ដោយដំណើរការសាងសង់នៅតែបន្តធ្វើជារៀងរាល់ថ្ងៃដោយរលូន បើទោះបីជាកម្ពុជាកំពុងស្ថិតនៅក្នុងដំណាក់កាលទប់ស្កាត់វិបត្តិជំងឺកូវីដ-១៩ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈយ៉ាងណាក្តី ក៏យន្តការរដ្ឋបាល យន្តការបច្ចេកទេស ការត្រួតពិនិត្យតាមដានវឌ្ឍនភាពការងារសាងសង់ហេដ្ឋារចនាសម្ព័ន្ធកីឡា រួមទាំងការងារហ្វឹកហាត់ គម្រោងផែនការត្រៀមឆ្ពោះទៅទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅតែបន្តធ្វើជាប់ជាប្រចំាជានិច្ច។

តាមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពីសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC និងឯកឧត្តមបណ្ឌិត ថោង ខុន អនុប្រធានអចិន្ត្រយ៍ CAMSOC នៅពេលនេះឯកឧត្តម បានចុះពិនិត្យមើលវឌ្ឍនភាពការងារកីឡដ្ឋានធំជាជំនួយឥតសំណងរបស់សាធារណរដ្ឋប្រជាមានិតចិន ដែលជាចំណងដៃដ៏ពិសិដ្ឋជូនចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រី ដែលធ្វើសមិទ្ធផលនេះលេចចេញជារូបរាងហើយ។ តាមការវាយតម្លៃចុងក្រោយ សំណង់នេះសម្រេចបាន៩៥% ហើយនៅសល់តែ៥%ទេ ដែលកំពុងកែលម្អ រចនា សម្អាតប៉ុណ្ណោះ។ កីឡដ្ឋានធំនេះមានកៅអីអង្គុយចំណុះ៦ម៉ឺននាក់ ក្នុងនោះការបំពាក់កៅអីសម្រេចបាន ២២០០០ហើយ ហើយនៅនៅសប្តាហ៍ទី១ ឬសប្តាហ៍ទី២នៃខែឧសភា ឆ្នាំ២០២១នឹងសម្រេចបាន១០០%នៃកៅអីសរុបចំនួន៦ម៉ឺននេះ។

មួយវិញទៀត គឺការដាំស្មៅទីលានបាល់ទាត់ ដែលដាំរួចរាល់ទាំងអស់ហើយ ដោយគ្រាន់តែមិនទាន់ជួសជុល កាត់តម្រឹមឲ្យស្មើគ្នា។ ជាមូលដ្ឋាន ផ្នែកខាងក្រោមនៃទីលានបាល់ទាត់គឺបានបំពាក់នូវប្រព័ន្ធបង្ហូរទឹក និងខ្សាច់ដែលទ្រទ្រង់ស្មៅល្អចំនួន៥ប្រភេទ ដែលភាគីចិនបានអះអាងថាជាស្មៅល្អៗយកមកពិសោធន៍ដាំ សមស្របនឹងបរិយាសកម្ពុជាយើង ក្រោមការទទួលស្គាល់ពីសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) ប៉ុន្តែនៅក្នុងចំណោមស្មៅល្អៗ ទាមង៥ប្រភេទនេះ គឺមានតែស្មៅ១ប្រភេទប៉ុណ្ណោះ ដែលដុះល្អ សមស្របទៅនឹងបរិយាកាស សីតុណ្ហភាព កម្តៅ សំណើម នៃទីលានដែលបើកដំបូល។ ស្មៅមួយប្រភេទដែលធ្វើពិសោធន៍ហើយលូតលាស់បានល្អជាងគេនោះ គឺមានភាបរស់រវើក ដែលជួយដល់ល្បឿនបាល់រត់បានល្អ ជួយដល់ល្បឿននៃការរត់របស់អត្តពលិក ព្រមទាំងជួយសម្រាលដល់អត្តពលិកពេលដួលកុំឲ្យមានគ្រោះថ្នាក់ធ្ងន់បានទៀតផង។

ក្រៅពីនេះគឺនៅសល់តែផ្លូវរត់អត្តពលកម្មជុំវិញទីលានបាល់ទាត់ ដែលត្រូវក្រាលកម្រាលតាមស្តង់ដារបស់សហព័ន្ធកីឡាអត្តពលកម្មអន្តរជាតិ ដោយភាគីចិនត្រូវកម្មង់ពីប្រទេសបារំាងដែលនឹងមកដល់ឆាប់ៗ ហើយគ្រោងនឹងក្រាលនាដើមខែឧសភា ដោយប្រើប្រាស់ប្រមាណ២សប្តាហ៍នឹងរួចរាល់ហើយ។ ដោយឡែកអាងទឹកព័ន្ធជុំវិញកីឡដ្ឋានធំ ការចាក់ផ្លូវបេតង់ក្នុងពហុកីឡដ្ឋាន ការរៀបចំបន្ទប់សណ្ឋាគារស្នាក់នៅពិសេសៗ ការបំពាក់ភ្លើង ការបំពាក់ប្រព័ន្ធសំឡេងកំពុងដំណើរការជិតរួចរាល់ហើយផងដែរ៕