កាកបាទក្រហមកម្ពុជា ចូលរួមរំលែកទុក្ខ និងចូលបុណ្យសពស្រ្តីរងគ្រោះដោយខ្សែភ្លើងឆក់​ បន្សល់ទុកកូនស្រីចំនួន២នាក់

(បាត់ដំបង)​៖ នៅថ្ងៃអាទិត្យ ៧រោច ខែចេត្រ ឆ្នាំជូតទោស័ក ព.ស.២៥៦៤​ ត្រូវនឹងថ្ងៃទី​ ៤ ខែមេសា ឆ្នាំ២០២១​ នេះ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​ ប្រធានកាកបាទក្រហមកម្ពុជា​ បានចាត់ឱ្យ ឯកឧត្តមបណ្ឌិត ប៊ុត គឹមស៊ាន ប្រធានគណៈ​កម្មាធិការសាខាកាកបាទក្រហមកម្ពុជា​ ខេត្តបាត់ដំបង ចូលរួមរំលែកទុក្ខ និងសោកស្តាយបំផុតចំពោះការស្លាប់​របស់ស្ត្រីឈ្មោះ ជា ចន្ទរចនា អាយុ៣០ឆ្នាំ​ ដោយខ្សែភ្លេីងឆក់​ បណ្តាលឱ្យបាត់បង់ជីវិតនៅនឹងកន្លែង ស្ថិតនៅភូមិបោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ កាលពីរសៀលម្សិលម៉ិញនេះ។

ក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត បានពាំនាំនូវប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចូលរួមរំលែកទុក្ខនិងចូលរួមសម្តែងការសោកស្តាយយ៉ាងក្រៃលែងជាមួយក្រុមគ្រួសារសព បានបន្សល់កូនស្រី២នាក់ ហើយត្រូវជីដូនយកទៅចិញ្ចឹម​ និងសូមឱ្យវិញ្ញាណក្ខន្ធសពបានទៅកាន់សុគតិភព។ ទន្ទឹមនឹងនេះ​ ឯកឧត្តម​ បានលេីកទឹកចិត្តដល់កូនស្រីទាំង២​នាក់​ ត្រូវខិតខំតស៊ូដេីម្បីជីវិតរស់នៅបន្តទៀត​ និងមេីលថែទាំជីដូនឱ្យបានល្អ។

សូមបញ្ជាក់ថា​ ក្នុងមរណទុក្ខនេះ​ កាកបាទក្រហមកម្ពុជា​ បានចូលបុណ្យសពនូវ​ អង្ករ ៥០គីឡូក្រាម មី២កេស ទឹកបរិសុទ្ធ​ ១០កេស ទឹកក្រូច ២កេស និងថវិកា​ ១០,០០០,០០០រៀល​។ ដោយឡែក​ សាខា​កាកបាទក្រហមកម្ពុជា​ ខេត្តបាត់ដំបង​ បានចូលបុណ្យ​ថវិកាចំនួន​ ៥០០,០០០រៀលនិងឯកឧត្តម អ៊ុតក្លឹងសមាជិកគណៈកម្មាធិការសាខាថវិកាចំនួន២០០,០០០រៀលផងដែរ។

បញ្ជាក់ ៖​ យោងតាមសេចក្តីរាយការណ៍របស់សមត្ថកិច្ចមូលដ្ឋានបានអោយដឹងថាការភ្ញាក់ផ្អើលនេះបានកើតឡើងនៅវេលាម៉ោងប្រហែល ៣ រសៀល ថ្ងៃទី៣ ខែមេសា​ ឆ្នាំ២០២១ត្រង់ចំណុចក្បែរស្ពាននាគស្ថិតក្នុងភូមិបោះពោធិ៍ឃុំអូរដំបង១​ ស្រុកសង្កែ​ ខេត្តបាត់ដំបង បុរសជាប្តីដែលជាជនបង្កមានឈ្មោះ ពេជ្រ ធារ៉េត អាយុ ៣១ ឆ្នាំ​ ឯប្រពន្ធដែលស្លាប់នោះមានឈ្មោះ ជា ច័ន្ទរចនា អាយុ ៣០ឆ្នាំ រស់នៅក្នុងភូមិ ឃុំ កើតហេតុខាងលើដោយអ្នកទាំង ២ មានកូនស្រី២នាក់ហើយកន្លងមកក៏តែងតែរស់នៅដោយមិនចុះសម្រុងនឹងគ្នាហើយក៏ឈានដល់ការប្តឹងទៅអាជ្ញាធរឃុំនិងប៉ូលិសប៉ុស្តិ៍ផងដែរ។ នៅចំពោះសមត្ថកិច្ច គឺបុរសជាប្តីបានសារភាពថា ខ្លួនពិតជាបានដាក់ពង្រាយខ្សែភ្លើងនៅក្នុងផ្ទះទាំងថ្ងៃមែនប៉ុន្តែការដាក់នេះគឺដាក់ការពារចោរតែប៉ុណ្ណោះជាចៃដន្យក៏ត្រូវប្រពន្ធដើរទៅជាន់លើខ្សែភ្លើងនោះទើបបណ្តាលអោយឆក់ស្លាប់តែម្តង៕

អត្ថបទមុន÷ ប្រច័ណ្ឌខឹងប្រពន្ធ រៀបចំអន្ទាក់ខ្សែភ្លើងភ្ជាប់ដោយចរន្តឆក់ប្រពន្ធស្លាប់ចោលកូនស្រី២នាក់