ប្រច័ណ្ឌខឹងប្រពន្ធ រៀបចំអន្ទាក់ខ្សែភ្លើងភ្ជាប់ដោយចរន្តឆក់ប្រពន្ធស្លាប់ចោលកូនស្រី២នាក់

ខេត្តបាត់ដំបង៖ ស្ត្រីម្នាក់ស្លាប់ភ្លាមៗ ដោយសារប្តីកំណាចរៀបអន្ទាក់ខ្សែភ្លើថភ្ជាប់ចរន្តដាក់ឲ្យឆក់ ស្លាប់យ៉ាងអាណោចអធ័ម ចោលកូនស្រី២នាក់ បង្កឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣រសៀល ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១ នៅត្រង់ចំណុចក្បែស្ពាននាគស្ថិតក្នុងភូមិបោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង ។ ជនល្មើសជាប្តីមានឈ្មោះ ពេជ្រ ធារ៉េត អាយុ៣១ឆ្នាំ ជាមនុស្សញៀនថ្នាំ រីឯប្រពន្ធដែលស្លាប់ មានឈ្មោះ ជា ច័ន្ទរចនា អាយុ៣០ឆ្នាំ រស់នៅក្នុងភូមិឃុំកើតហេតុខាងលើ មានកូនស្រី២នាក់ ក្នុងបន្ទុក ។

តាមប្រភពបានឲ្យដឹងថា គ្រួសារខាងលើរស់នៅមិនចុះសម្រុងគ្នាទេ ភាគីខាងប្តី ផឹកស្រាស្រវឹង បង្កហឹង្សាក្នុងគ្រួសារ និងជាមនុស្សញៀនថ្នាំផង ឈ្លោះរករឿងប្រច័ណ្ឌប្រពន្ធ ហើយកន្លងមកភាគីខាងប្រពន្ធ ប្តឹងទៅអាជ្ញាធរឃុំ និងប៉ូលិសប៉ុស្តិ៍ ដើម្បីសុំលែងលះគ្នា ក៏ប៉ុន្តែ ភាគីខាងប្តីមិនព្រមចូលខ្លួន តាមការកោះហៅរបស់អាជ្ញាធរឃុំ ដោយនៅចិញ្ចឹមចិត្ត រក្សាភ្លើងប្រច័ណ្ឌដដែល តាមរករឿងឈ្លោះមិនស្វាង ។ ប្រភពបន្តទៀតថា នៅរសៀលថ្ងៃមុនកើតហេតុ ជនសង្ស័យ កាន់ខ្សែភ្លើងមួយចង្វាយ ដើរទៅតាមហៅកូនៗ ដល់ផ្ទះឪពុកក្មេក ស្ថិតនៅក្បែរនោះដែរ តែកូនមិនព្រមទៅតាម ហើយជនសង្ស័យក៏ដើរទៅផ្ទះបាត់ទៅ លុះមួយសន្ទុះក្រោយមក ជនរងគ្រោះជាប្រពន្ធ ដើរទៅផ្ទះ ក្នុងបំណងយកខោអាវ និងសៀវភៅស្នាក់នៅ គ្រាន់តែឡើងដល់លើផ្ទះក៏ជាន់ប៉ះអន្ទាក់ខ្សែភ្លើង របស់ប្តី តរាយដាក់ទុកឲ្យឆក់ប្រពន្ធ បណ្តាលឲ្យស្លាប់ភ្លាមៗតែម្តង ។ ក្រោយពីផ្អើលឆោឡោ កម្លាំងសមត្ថកិច្ចចុះទៅ ឃាត់ខ្លួនជនល្មើសបានភ្លាមៗ នាំទៅផ្នែកជំនាញស្រុក ក៏ប៉ុន្តែមិនទាន់នបកសួរ ឬអនុវត្តន៍ផ្លូវច្បាប់ផង ជនសង្ស័យគាំងបេះដូងស្លាប់បាត់ ។

ករណីឃាតកម្មខាងលើ សមត្ថកិច្ចមូលដ្ឋាន សមត្ថកិច្ចជំនាញចុះទៅពិនិត្យ ស្រាវជ្រាវ កោសល្យវិច័យួចប្រគល់សពស្ត្រីរងគ្រោះជូនក្រុមគ្រួសារចាត់ចែងរៀបចំធ្វើបុណ្យតាមប្រពៃណី ៕