បើចង់ឱ្យវ៉ាក់ស៊ាំងមាន ប្រសិទ្ធភាពត្រូវតមរឿង២យ៉ាង នេះមុន 

នេះបើតាមការបញ្ជាក់របស់ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំ ពាក្យក្រសួងសុខាភិបាល បានប្រាប់ពីតំណមដែលអ្នកចាក់វ៉ាក់ សាំងត្រូវតមប្រសិនបើចង់ឱ្យវ៉ាក់ស៊ាំងទទួលបានប្រសិទ្ធភាពខ្ពស់។

លោកជំទាវ ឱ វណ្ណឌីន ជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស មានប្រសាសន៍ថា ចំពោះដំណមដែលត្រូវតមមុននិងក្រោយ ពេលចាក់វ៉ាក់សាំងកូវីដ-១៩ មានពីរចំណុច គឺសុរា និងគ្រឿងហិល។ លោកជំទាវបញ្ជាក់ថា ការតមបានចំណុចទំាងអស់នេះគឺ ដើម្បីទុកពេលឱ្យសរីរាង្គរបស់យើងឆ្លើយតបជាមួយនឹងវ៉ាក់សាំង និងទុកពេលឱ្យវ៉ាក់សាំងធ្វើការងារនៅ ក្នុងសរីរាង្គរបស់យើង ដើម្បីបង្កើតបាននូវអង្គបដិបក្ខសម្រាប់ប្រឆាំងជាមួយនឹងកូវីដ-១៩។

« និយាយអំពីសំណួរជាច្រើនដែលថាក្រោយចាក់ហើយតើត្រូវតមអ្វី? អាហ្នឹងខ្ញុំទទួលបានច្រើនណាស់ ខ្ញុំសូមជម្រាបជូនថា ក្រៅពីសុរា ព្រោះសុរាដាច់ខាតហើយ មុនចាក់ពីរបីថ្ងៃក៏ត្រូវតមនៅពេលចាក់រហូតដល់ដូសទី២ ក៏ត្រូវតម ក្រោយចាក់ដូសទី២ ក៏ត្រូវតមយ៉ាងតិចពី២សប្តាហ៍ទៅ៣ សប្តាហ៍ទៀតដើម្បីទុកពេលឱ្យសរីរាង្គរបស់យើងឆ្លើយតបជាមួយនឹងវ៉ាក់សាំង ទុកពេលឱ្យវ៉ាក់សាំងធ្វើការងារនៅក្នុងសរីរាង្គរបស់យើង ដើម្បីបង្កើតបាននូវអង្គបដិបក្ខសម្រាប់ប្រឆាំងជាមួយនឹងកូវីដ-១៩ ពីព្រោះស្រានេះចូលទៅយើងដឹងហើយទាំងអស់គ្នាអ្វីក៏សាបដែរដាក់ចូលទៅគឺសាបទាំង អស់ ។

ចំណុចទី២គ្រឿងហិល នេះការណែនាំកន្លងមកហិលតិចតួច គឺមិនមានបញ្ហាអ្វីទេតែកុំឱ្យហិលខ្លាំង ចឹងសូមមេត្តាបន្ថយហូបតិចៗនៅក្នុងអំឡុងពេលទុកពេលឱ្យសរីរាង្គរបស់យើងទទួលយកហើយឆ្លើយ តបទៅនឹងវ៉ាក់សាំងនេះឱ្យបានល្អប្រសើរ ។ ដោយឡែកបញ្ហាតមគ្រឿងសមុទ្រវិញ ចំពោះតែអ្នកដែលមានបញ្ហាប្រតិកម្មទៅនឹងគ្រឿងសមុទ្រទេ ពីព្រោះអ្នកខ្លះគាត់អត់ដែលទទួល ទានទៅលើគ្រឿងសមុទ្រអញ្ចឹង បើគាត់ចាក់វ៉ាក់សាំងហើយគាត់ទៅទទួលទានគ្រឿងសមុទ្រអញ្ចឹងធ្វើឱ្យគាត់ប្រតិកម្មហើយដល់ពេលប្រតិកម្ម មិនថាមកពីគ្រឿងសមុទ្រ គាត់ថាមកពីវ៉ាក់សាំង អ៊ីចឹងចាំបាច់អ្នកដែលដឹងខ្លួនថាមានអាឡែកស៊ីជាមួយគ្រឿងសមុទ្រ ក្រោយចាក់វ៉ាក់សាំងហើយ គឺត្រូវតម ពីព្រោះវាអាចជាបញ្ហាមួយដែលធ្វើឱ្យមានការភាន់ច្រឡំទៅលើបញ្ហានេះហើយក៏អាចប៉ះពាល់ទៅលើសុខភាពរបស់គាត់ដែរប្រសិនបើអាឡែកស៊ីនេះវាកើតឡើងដោយសារគ្រឿងសមុទ្រ អញ្ចឹងខ្ញុំបញ្ជាក់ថាអ្នកដែលតមគ្រឿងសមុទ្រនេះសម្រាប់អ្នកដែលមានប្រតិកម្មជាមួយគ្រឿងសមុទ្រទេ»៕