ការថែទាំទាំរកតូច ឬទារកមិនទាន់គ្រប់ខែ តាមបែបមេតូតកង់ហ្គូរ៉ូ

ការថែទាំទាំរកតូច ឬទារកមិនទាន់គ្រប់ខែ តាមបែបមេតូតកង់ហ្គូរ៉ូ គឺជាការថែទាំទារកតូច ឲ្យប៉ះជាប់និងស្បែកម្តាយ ដើម្បីឲ្យទារកគាត់ទទួលកំដៅពីម្តាយ។ វិធីសាស្រ្តនេះ ជាវិធីថែទាំដ៏សាមញ្ញ មិនមានភាពស្មុកស្មាញ តែមានប្រសិទ្ធភាពបំផុត សម្រាប់ជួយម្តាយដែលមានទារកកើតមិនគ្រប់ខែ ឬមានគីឡូតិចពីកំណើត (តិចជាង២៥០០ក្រាម) ។

ក) លក្ខខណ្ឌនៃការអនុវត្តវិធីសាស្រ្ត៖

វិធីសាស្រ្តនេះ អនុញ្ញាតឲ្យធ្វើការថែទាំបានលុះត្រាតែៈ

– ទារករួចផុតពីជំងឺផ្លូវដង្ហើម ជំងឺឆ្លង និងរួចផុតពីសញ្ញាគ្រោះថ្នាក់ដទៃទៀត

– ម្តាយមិនមានជំងឺឆ្លង

– ម្តាយយល់ដឹងពីការអនាម័យច្បាស់

– មានក្រុមគ្រួសារជួយ(យាយ អ៊ុំ ពូ មីង…)

ខ) វិធីនៃការដាក់ឲ្យទារកប៉ះជាប់និងស្បែកម្តាយ៖

វិធីនៃការដាក់ឲ្យទារកប៉ះជាប់និងស្បែកម្តាយ ត្រូវអនុវត្តដូចខាងក្រោមៈ

– ចំពោះទារក ត្រូវស្លៀកតែខោទឹកនោម ខ្លួនរបស់គាត់នៅទទេមិនបាច់ពាក់អាវទេ តែត្រូវពាក់មួក ស្រោមជើង និងស្រោមដៃដើម្បីជួយការពារការបាត់កំដៅ។

– ចំពោះម្តាយ ត្រូវមានអាវជាតិអំបោះពាក់ខាងក្នុងមួយ និងអាវពាក់ពីក្រៅមួយ(ដូចក្នុងរូប) ហើយម្តាយត្រូវមានអនាម័យខ្លួន និងដៃឲ្យបានស្អាត។

– ដាក់ខ្បាលទារក នៅចន្លោះទ្រូងម្តាយ។

– មុខទារក ត្រូវងាកមកឆ្វេង ឬស្តាំ ជៀសវាងមុខផ្គាប់លើទ្រូងម្តាយ។

– ជើងទាងពីររបស់ទារក ត្រូវនៅក្នុងអាវម្តាយក្នុងសភាពដូចកង្កែប។

គ) ផលប្រយោជន៍នៃការថែទាំនេះ៖

– ទារកបានទទួលកំដៅគ្រប់គ្រាន់ពីម្តាយៈ

• ទារកដែលមានគីឡូពីកំណើតតិច ឬមិនគ្រប់ខែ សរីរាង្គរបស់គាត់ងាយនឹងបាត់បង់កំដៅ ដោយសារប្រព័ន្ធការពារកំដៅរបស់គាត់ខ្សោយ ហើយទារកតូចៗ ពុំមានស្រទាប់ជាតិខ្លាញ់នៅក្នុងខ្លួនទេ។

• ការបាត់បង់កំដៅចំពោះទារកតូចៗ និងមិនគ្រប់ខែ អាចបណ្តាលឲ្យទារកមានគ្រោះថ្នាក់ដល់អាយុជីវិតរយៈពេលខ្លី។

– ទារកឆាប់ចង់បៅៈ

• ទារកទើបនិងកើត ពុំអាចមើលឃើញមុខម្តាយគាត់ទេតែគាត់ធំក្លិនម្តាយគាត់ ដែលក្លិននេះអាចរំញោចឲ្យទារកចង់បៅដោះម្តាយ ដែលជាហេតុធ្វើឲ្យទារកឆាប់ឡើងទម្ងន់។

– ទារកអាចដកដង្ហើមបានទៀងទាត់ៈ

• ទារកមិនគ្រប់ខែ ប្រព័ន្ធផ្លូវដង្ហើមដែលមាននៅផ្នែកខួក្បាលរបស់គាត់នៅខ្ចីនៅឡើយ ដែលងាយធ្វើឲ្យទារកឆាប់ភ្លេចដកដង្ហើម។ ការដាក់ទារកនៅលើទ្រូងម្តាយ ធ្វើឲ្យគាត់ស្តាប់ឮចង្វាក់បេះដូងម្តាយ ដែលការស្តាប់ឮនេះ រំញោចឲ្យទារកធ្វើការដកដង្ហើមទៀងទាត់មកវិញ។

– កាត់បន្ថយការឆ្លងរោគក្នុងមន្ទីរពេទ្យៈ

• ទារកតូច ឬមិនគ្រប់ខែមានប្រព័ន្ធការពារសរីរាង្គខ្ចី ឬខ្សោយ ដូចនេះទារកស្ថិតក្នុងកន្លែងសង្គ្រោះយូរ ងាយនឹងចាប់យកមេរោគពីខាងក្រៅ ដែលបង្កគ្រោះថ្នាក់ដល់ជីវិត។ ការដាក់ទារកឲ្យនៅជាមួយម្តាយ ធ្វើឲ្យទារកចង់បៅដោះម្តាយ ដែលទឹកដោះម្តាយសម្បូរទៅដោយប្រព័ន្ធការពារ(អង់ទីករ) ជួយទារករួចផុតពីការឆ្លងរោគក្នុងមន្ទីរពេទ្យ។

– បង្កើតទំនាក់ទំនងស្និទ្ធស្នាលរវាងម្តាយនិងកូនតូចរបស់គាត់ ដែលធ្វើឲ្យគាត់បាត់អារម្មណ៍តានតឹងពីការថែទាំកូនរបស់គាត់ និងធ្វើឲ្យគាត់មានភាពម្ចាស់ការ ក្នុងការថែទាំទារកនៅពេលគាត់ចេញទៅផ្ទះ ហើយការថែទាំតាមវីធីកង់ហ្គូរ៉ូនេះ ជួយកាត់បន្ថយការសម្រាកពេទ្យយូរ។

. ម្តាយគ្រប់រូបនៅពេលដែលប្រសូត្របុត្រមកមានទម្ងន់តិច(ទារកមានគីឡូតិចជាង ២៥០០ក្រាម) ឬមិនគ្រប់ខែ តែងមានអារម្មណ៍ពិបាកចិត្តក្នុងការថែទាំកូនជាទីស្រលាញ់របស់ខ្លួន ហើយមួយទៀតកូនតូចរបស់គាត់ត្រូវនៅឆ្ងាយពីខ្លួន មិនបានអោបជាប់និងខ្លួនដូចគេ ទារកក៏ដូចគ្នាគឺនៅឆ្ងាយពីម្តាយ។ ដូចនេះការថែទាំទារកមិនគ្រប់ខែ ឬមិនគ្រប់គីឡូតាមបែបវិធីសាស្ត្រកង់ហ្គូរ៉ូ បានជួយបង្កើតឲ្យម្តាយមានអារម្មណ៍ធូរស្រាលវិញនៅពេលឃើញកូនរបស់គាត់រាល់ថ្ងៃ។

ប្រសិទ្ធិភាពនៃការថែទាំតាមបែបវិធីសាស្ត្រនេះ គឺអាស្រ័យលើពេលវេលា។ បើម្តាយដាក់កាន់តែយូរ ប្រសិទ្ធិភាពកាន់តែល្អ ព្រោះកូនបានទទួលកំដៅពីម្តាយគ្រប់គ្រាន់ ធ្វើឲ្យទារកឡើងគីឡូបាន។

នៅពេលគាត់ដាក់ទារកលើទ្រូងរបស់គាត់ គ្រូពេទ្យនិងគិលានុដ្ឋាយិកាជំនាញ នឹងពន្យល់អំពីការតាមដានសភាពកូន ពណ៌សម្បុរ ការដកដង្ហើម និងកំដៅរបស់កូនតូចគាត់។ មន្ទីរពេទ្យកាល់ម៉ែតបានរៀបចំវិធីនេះតាំងពីឆ្នាំ ២០១០ ដែលមានគ្រូពេទ្យនិងគិលានុដ្ឋាយិកាជំនាញក្នុងការថែទាំទារកមិនគ្រប់ខែ ឬមិនគ្រប់គីឡូ ដោយមានប្រសិទ្ធិភាពខ្ពស់។

“សុខភាពកូនលោកអ្នក ជាភារកិច្ចដ៏ថ្លៃថ្លារបស់យើងខ្ញុំជាគ្រូពេទ្យ ហើយទារកគ្រប់រូបជាទំពាំស្នងឬស្សីរបស់ប្រទេសយើង!”៕

ប្រភព÷ មន្ទីរពេទ្យកាល់ម៉ែត