អាល់កុលក្លែងក្លាយចំនួន ៥៥៦លីត្រ ត្រូវបានមន្ត្រីសាខា ក.ប.ប. ខេត្តរតនគិរី រកឃើញ

(ខេត្តរតនគិរី)៖ ដើម្បីរួមចំណែកទប់ស្កាត់នូវការរីករាលដាលនៃព្រឹត្តិការណ៍ ២០កុម្ភៈ នៅថ្ងៃសុក្រ ១២រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១ នេះ មន្រ្តីសាខា ក.ប.ប. ខេត្តរតនគិរី បានសហការជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី ចុះត្រួតពិនិត្យ គុណភាពអាល់កុល នៅតាមបណ្តាឱសថស្ថាន ក្នុងក្រុងបានលុង ខេត្តរតនគិរី។

ប្រតិបត្តិការនេះត្រូវធ្វើឡើងក្នុងគោលបំណងបង្ការនូវការឆ្លៀតឱកាសដាក់លក់អាល់កុល ជែលលាងដៃក្លែងក្លាយ និងគ្មានប្រភពផលិតច្បាស់លាស់ និងលក់ម៉ាស់មានតម្លៃខ្ពស់ កេងយកផលចំណេញហួសហេតុពីសំណាក់ឱសថស្ថាន ឬអាជីវករមួយចំនួនតូច ដោយមិនគិតពីផលប៉ះពាល់ដល់អ្នកប្រើប្រាស់ ស្របពេលដែលប្រទេសជាតិកំពុងតែប្រឈមមុខនឹងការរីករាលដាលនៃព្រឹត្តិការណ៍ឆ្លងក្នុងសហគមន៍ជាបន្តបន្ទាប់។

* ជាលទ្ធផល មន្រ្តីជំនាញ បានរកឃើញអាល់កុលក្លែងក្លាយ (មេតាណុល) សរុបចំនួន ៥៥៦ លីត្រ ដែលឱសថស្ថានមួយចំនួនបានដាក់លក់ជូនអ្នកប្រើប្រាស់។ បន្ទាប់មក មន្រ្តីជំនាញ បានធ្វើកំណត់ហេតុដើម្បីដកហូតអាល់កុលក្លែងក្លាយទាំងនោះមករក្សាទុកដើម្បីអនុវត្តនីតិវិធីបន្ត។

ក្នុងឱកាសនោះដែរ មន្រ្ទីជំនាញបានសំណូមពរ ដល់អាជីវករ សូមមេត្តាកុំឆ្លៀតឱកាសលក់ផលិតផលម៉ាស និងអាល់កុល សម្រាប់លាងសំអាតដៃ កឹបកេងយកផលចំណេញហួសហេតុ និងសូមអំពាវនាវ ដល់ប្រជាពលរដ្ឋ កុំទិញផលិតផល អាល់កុលណា ដែលគ្មានស្លាកសញ្ញា និងប្រភពច្បាស់លាស់ ដើម្បីជៀសវាងការទិញផលិតផលក្លែងក្លាយ ឬគ្មានគុណភាព យកមកប្រើប្រាស់ ដែលនាំឱ្យប៉ះពាល់ដល់សុខភាព និងអាយុជីវិត៕