រដ្ឋបាលសាលារាជធានីភ្នំពេញ ណែនាំឲ្យផ្អាកលក់គ្រឿងស្រវឹងគ្រប់ប្រភេទចំនួន ២សប្តាហ៍

ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចេញសេចក្ដីណែនាំ ស្ដីពី ការផ្អាកលក់គ្រឿងស្រវឹងគ្រប់ប្រភេទ និងផ្អាកការទទួលអតិថិជន ឱ្យចូលមកទទួលទានក្នុងភោជនីយដ្ឋាន អាហារដ្ឋាន តូបអាហារ ហាងកាហ្វេ ហាងភេសជ្ជៈ និងអាជីវកម្មដ្ឋានផ្នែកអាហារ-ភេសជ្ជៈគ្រប់ប្រភេទ។ ការផ្អាកនេះ ត្រូវធ្វើឡើង ២សប្តាហ៍ ចាប់ពីថ្ងៃទី១១ ខែមេសា ដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១។

លិខិតចេញនៅយប់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ បង្ហាញថា ដើម្បីគ្រប់គ្រងសភាពការណ៍ និងដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ជាពិសេសក្នុងឱកាសឈប់សម្រាក នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ដែលខិតជិតចូលមកដល់ នាពេលខាងមុខនេះ រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការណែនាំ ដូចខាងក្រោម៖ គ្រប់ផ្សាររដ្ឋ ផ្សារទំនើប ផ្សារម៉ាត ភោជនីយដ្ឋាន អាហារដ្ឋាន ហាងកាហ្វេ ហាងភេសជ្ជៈ និងអាជីវកម្មដ្ឋានផ្នែកអាហារ-ភេសជ្ជៈគ្រប់ប្រភេទ ត្រូវផ្អាកជាបណ្តោះអាសន្ននូវការលក់គ្រឿងស្រវឹងគ្រប់ប្រភេទ រយៈពេល ២សប្តាហ៍ គិតចាប់ពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១។

ចំណែកភោជនីយដ្ឋាន អាហារដ្ឋាន តូបអាហារ ហាងកាហ្វេ ហាងភេសជ្ជៈ និងអាជីវកម្មដ្ឋានផ្នែកអាហារ ភេសជ្ជៈគ្រប់ប្រភេទ ត្រូវផ្អាកជាបណ្តោះអាសន្ន ចំពោះការទទួលអតិថិជនឲ្យចូលមកទទួលទានក្នុងបរិវេណអាជីវកម្មដ្ឋានរបស់ខ្លួន ប៉ុន្តែអាចប្រកបអាជីវកម្មលក់ដូរជាលក្ខណៈវេចខ្ចប់បាន។

ក្នុងសេចក្តីជូនដំណឹងដដែល ឯកឧត្តមអភិបាល ឃួង ស្រេង បានព្រមានថា ក្នុងករណីរកឃើញថា គណៈគ្រប់គ្រងផ្សារ ឬម្ចាស់អាជីវកម្មដ្ឋានណាមួយ មិនព្រមអនុវត្ត ត្រូវធ្វើកិច្ចសន្យាណែនាំលើកទី១ ហើយប្រសិនបើនៅតែបន្តបំពាន ត្រូវអនុវត្តវិធានការរដ្ឋបាល និងវិធានការច្បាប់ ដោយគ្មានការលើកលែងឡើយ៕