បុរសម្នាក់បានស្លាប់ដោយសារផ្ទុះគ្រាប់មីនតោន ខណៈដែលគាត់បើកត្រាក់ទ័រភ្ជួរដីចំការ

បាត់ដំបង÷ នៅថ្ងៃទី ១៣​ ខែមេសា ឆ្នាំ២០​២១​ វេលាម៉ោង ១៥និង៣០​នាទី​ មានស្នូរផ្ទុះដ៏កក្រេីកដី​និងគ្របដណ្តប់ដោយផ្សែងខ្មួលខ្មៅមួយបានកេីតឡេីង​នៅចំណុចអារី ភូមិតានួត ឃុំព្រះផុស ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ជាហេតុបង្កឱ្យមាន​ការ​ភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋនៅជិតកន្លែងកេីត​ហេតុ​នោះ។

ស្ងាត់សម្លេងផ្ទុះដ៏កក្រេីកដីនេះភ្លាម​ និងមិនទាន់បាត់ផ្សែងខ្មៅនោះផង​ គេបានប្រទះឃេីញបុរស​ម្នាក់បានដេកដួលទៅលេីដី​ ក្នុងស្ថានភាព​ធ្ងន់ធ្ងរបាត់ទៅហេីយ​ស្ថិតនៅមិនឆ្ងាយពីត្រាក់ទ័រមួយគ្រឿងដែលក្រឡាប់ផ្ងារជេីងនៅទីនោះនិងរណ្តៅដីដ៏ធំ​ល្មមមួយដែលកេីតឡេីងដោយកម្លាំងផ្ទុះដ៏ខ្លាំងនោះ។

បុរសដែលដួលដេកដោយស្ថាន​ភាពធ្ងន់ធ្ងរ​នោះមាន​ឈ្មោះស៊ឹម ស៊ូ ភេទប្រុស អាយុ៥២ឆ្នាំ រស់​នៅភូមិប៉ែន ឃុំរបស់មង្គល ស្រុកមោងឬស្សី ដែលរូបគាត់បានមកភ្ជួរដីចំការឱ្យឪពុកក្មេកនៅចំណុចកើតហេតុខាងលើ ហេីយក្នុងពេលកំពុងបេីបបរត្រាក់ទ័រភ្ជួរដី​ ផ្លែផាលត្រាក់ទ័ររបស់គាត់​បានកិនសង្កត់ទៅ​លេីគ្រាប់មីនតោនមួយគ្រាប់ដែលកប់ក្នុងដី​ ហេីយបណ្ដាលឱ្យផ្ទុះឡេីង​ភ្លាមៗ និងធ្វេីឱ្យរូបគាត់រងរបួសធ្ងន់ធ្ងរ​និងបានស្លាប់បាត់​បង់ជីវិតនៅពេលបញ្ជូនទៅសង្រ្គោះនៅមណ្ឌលសុខភាពនៅមូលដ្ឋាននោះ​ រីឯត្រាក់ទ័រត្រូវខូច​ខាតដោយអន្លេី​ ។

លោកវរសេនីយ៍ឯក​ ប៉ាង​ ហៀង​ ជាអធិការនគរ​បាលស្រុក​គាស់ក្រឡ​ បានបញ្ជាក់ថា​ចំណុចកេីត​ ហេតុនេះជាអតីតសមរភូមិក្តៅពីសម័យសង្រ្គាម​ប្រយុទ្ធគ្នា​ ហេីយដីដែលគាត់បានភ្ជួររាស់នៅពេល​នេះគឺជាដីថ្មី​ ដែលឪពុកក្មេកកាត់ទេីប​កាប់រានថ្មីហេីយផ្តេីមភ្ជួររាស់ជាលេីកដំបូង​ ក៏ជួបគ្រោះថ្នាក់បែបនេះតែម្តង។ លោកអធិការបន្តថា​ លោកប្រាកដក្នុងចិត្តថា​ នៅចំណុចនោះពិតជា​នៅ​​មានគ្រាប់មីន បង្កប់ក្នងដីនៅឡេីយទេ​ ព្រោះកន្លងទៅខាងអង្គភាពជំនាញCMAC មិនទាន់បានធ្វេីការរុករក​ បោសសំអាតនៅឡេីយ​ ហេីយ​បញ្ហានេះ​លោកនឹងរាយការណ៍ជូនអង្គភាព​CMAC ដេីម្បីបានជ្រាបនិងជួយអន្តរាគមន៍លេី​បញ្ហានេះ។

ទោះជាយ៉ាងនេះក្តីលោកអធិការសូមអំពាវនាវដល់ប្រជាពលរដ្ឋនៅមូលដ្ឋាននោះសូមមេត្តាប្រុងប្រយ័ត្នជាប់ជាប្រចាំចំពោះករណីគ្រាប់​ មីនឬយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនេះ​ សូមកុំឱ្យសោកនាថកម្មកេីតឡេីងដោយករណីនេះជាបន្តទៀត៕