បង្ក្រាបក្រុមគាស់ផ្ទះ និងបានឃាត់ខ្លួនជនសង្ស័យ ០២នាក់

ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍​ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងដឹកនាំប្រតិបត្តិការដោយ លោកឧត្តមសេនីយ៍ទោ ជាវ វិបុល អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅរសៀលថ្ងៃទី១០ ខែកុម្ភះ ឆ្នាំ២០២១ មុខសញ្ញាគាស់ផ្ទះ ចំនួន០២នាក់ ត្រូវកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ដឹកនាំសហការជាមួយកម្លាំង ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងកម្លាំងអធិការដ្ឋាននគរបាលមានជ័យ និងអធិការដ្ឋាននគរបាលខណ្ឌ៧មករា បើកការស្រាវជ្រាវ និងប្រតិបត្តិការបង្ក្រាបបានរហូតឈានដល់ការឃាត់ខ្លួនចំនួន០២នាក់÷

១. ឈ្មោះ នៅ សុផានី ភេទ ប្រុស អាយុ៣០ឆ្នាំ ស្នាក់នៅផ្ទះជួល ផ្លូវ៧៩ ភូមិ ចម្រើនផល សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ បើកតាក់ស៊ី។

២. ឈ្មោះ លី សុខលាភ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួល ផ្លូវ៧៩ ភូមិ ចម្រើនផល សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ជនសង្ស័យទាំង០២ ត្រូវមានបានកម្លាំងជំនាញធ្វើការឃាត់ខ្លួននៅចំណុចផ្ទះជួល ផ្លូវ៧៩ ភូមិ ចម្រើនផល សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

យោងតាមចម្លើយជនសង្ស័យទាំង០២នាក់ បានសារភាពថា កាលពី នៅថ្ងៃទី០៩ ខែកុម្ភះ ឆ្នាំ២០២១ ម៉ោងប្រហែល ០៤ទាបភ្លឺ ឈានចូលថ្ងៃទី១០ ខែកុម្ភះ ឆ្នាំ២០២១ ពួកខ្លួនពិតជាបានចូលធ្វើសកម្មភាពចូលលួចសម្ភារៈនៅក្នុងអាផិតមិនលេខ២១ ផ្លូវលេខ៥៧ ក្រុម៤២ ភូមិ៦ សង្កាត់បឹងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ពិតប្រាកដមែន ដោយយកបានសម្ភារៈរួមមាន Computer, នាទ្បិកាដៃ(តម្លៃ ជាង៦០ម៉ឺន), ទូរសព្ទ័ដៃ , ដង្កាបបត់ និងខ្សែក្រវ៉ាត់ ហើយសម្ភារៈមួយចំនួនទុកប្រើ និងមួយចំនួនយកទៅលក់នៅផ្សារឃ្លាំងរំសេវ។

បច្ចុប្បន្នជនសង្ស័យ០២នាក់ខាងលេី ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ប្រគល់ឲ្យកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ធ្វើការបំភ្លឺដើម្បីកសាងសំណុំរឿងចាត់ការបន្ដតាមនីតិវិធី៕