យុវជនម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងឃុំខ្លួននៅពន្ធនាគារខេត្ត ដោយសារប្រើប្រាស់បណ្តាញសង្គម Tiktok និង Facebook បង្កភាពវឹកវរដល់សន្តិសុខសង្គម

ខេត្តកំពង់ចាម÷ ថ្ងៃទី ១១ ខែមេសា ឆ្នាំ២០២១ សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាមបានឃាត់ខ្លួនយុវជនម្នាក់ឈ្មោះ នូវ ខ្លឹង ភេទប្រុស ឆ្នាំកំណើត ១៩៨៧ ឈ្មោះហៅក្រៅ មាន ពន្លក ឬ បង តា ដែលមានគណនី tik tok ឈ្មោះ នាយ ប្រុញ និងមានគណនីហ្វេសប៊ុកឈ្មោះ បង តា មុខរបរ ជាងកាត់កញ្ចក់ នៅទីរួមខេត្តកំពង់ចាម មានទីលំនៅភូមិជ្រោយស្រឡៅ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ពីរបទ ” ញាុះញង់ធ្វើឲ្យមានការវឹកវរប៉ះពាល់ដល់សន្តិសុខសង្គម រារាំងដល់ការអនុវត្តវិធានការរបស់រាជរដ្ឋាភិបាល ក្នុងការបង្ការទប់ស្កាត់ការរីករាលដាលមេរោគឆ្លង covid-19។

តាមការស្រាវជ្រាវរបស់សមត្ថកិច្ចជំនាញបានបញ្ជាក់ឲ្យដឹងថា យុវជន នូវ ខ្លឹង តែងតែធ្វើសកម្មភាពផលិតរូបភាព និងខ្លឹមសារព័ត៌មាន មានលក្ខណៈបំពុលបរិយាកាសសង្គម ញុះញង់ឲ្យមានការវឹកវរដល់សង្គម បំភ្លៃការពិត បរហាកេរ្តិ៍ឥស្សរជនជាន់ខ្ពស់ នៃថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា បង្ហោះផ្សព្វផ្សាយលើបណ្ដាញទំនាក់ទំនងសង្គម ពិសេសបណ្តាញ Tiktok និង Facebook ។ ជាជាក់ស្តែង នៅអំឡុងខែមីនា និងដើមខែមេសា ឆ្នាំ២០២១ យុវជនឈ្មោះ នូវ ខ្លឹង បានផលិតមាតិកាព័ត៌មានជាច្រើនលើកច្រើនសារ ដោយបានយករូបភាព មកសរសេរបកស្រាយខ្លឹមសារផ្ទុយពីការពិត មានចរិតញុះញង់ រារាំងចំពោះការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងយុទ្ធនាការបង្ការ ទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ-១៩ នៅក្នុងសហគមន៍។

ថ្ងៃទី ១៣ ខែមេសា ឆ្នាំ២០២១ លោក សាអឿន កោសល្យមុនី ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកំពង់ចាម បានចេញដីកាបង្គាប់ឲ្យឃុំខ្លួន យុវជនឈ្មោះនូវ ខ្លឹង ហៅ មាន ពន្លក នៅពន្ធនាគារខេត្តកំពង់ចាម ពីបទ ” ញុះញង់បង្កឲ្យមានការវឹកវរដល់សន្តិសុខសង្គម និងបទរារាំងដល់ការអនុវត្តវិធានការ ” ប្រព្រឹត្តនៅប្រទេសកម្ពុជា តាមរយៈគណនី Tiktok កាលពីអំឡុងខែមីនា ដល់ខែមេសាឆ្នាំ ២០២១៕