ជំងឺខ្សោយពោះវៀន (Irritable Bowel Syndrome)!

ជំងឺខ្សោយពោះវៀន (Irritable Bowel Syndrome)!

១) អ្វីទៅជា ជំងឺខ្សោយពោះវៀន ?

គឺជាបណ្តុំរោគសញ្ញាទាំងឡាយណាដែលបញ្ជាក់ថាអ្នកជំងឺមានបញ្ហានៅក្នុងពោះវៀន។ ដោយពាក្យរបស់ខ្មែរ យើងមិនទាន់មានពាក្យណាអាចបកប្រែអោយចំ និងស្រួលស្តាប់។ ជំងឺនេះត្រូវបានគេអោយឈ្មោះផ្សេងៗគ្នា ទៅតាមការនិយមរបស់គ្រូពេទ្យ ដើម្បីងាយស្រួលក្នុងការ ពន្យល់អ្នកជំងឺ ដូចជា៖

– ជំងឺរលាកពោះវៀនរ៉ាំរ៉ៃ

– ជំងឺខ្យល់ក្នុងពោះវៀន

– និង ហើមពោះវៀនជាដើម

ជំងឺខ្សោយពោះវៀន ជាជំងឺមួយដែលគេជួបប្រទះញឹកញាប់ ជាពិសេសទៅលើអ្នកជំងឺដែលមកពិគ្រោះនៅផ្នែកថ្លើម-ក្រពះ-ពោះវៀន (លើសពី៥០%)។

២) តើរោគសញ្ញានៃជំងឺ ខ្សោយពោះវៀនមានអ្វីខ្លះ?

រោគសញ្ញានៃជំងឺខ្សោយពោះវៀន រួមមាន៖

– ការឈឺពោះរាំរ៉ៃ

– ចុកឆ្អល់ ក្នុងពោះ

– តឹងណែនក្នុងពោះ

– ញ៉ាំឆាប់ឆ្អែត

និងរោគសញ្ញាមួយចំនួនទៀតដែលអាចអោយគេចែកជំងឺនេះជា ៤ ក្រុម ៖

– រាគរ៉ាំរ៉ៃ (ក្រុមទី១)

– ទល់លាមករ៉ាំរ៉ៃ (ក្រុមទី២)

– រាគ និងទល់លាមកឆ្លាស់គ្នា (ក្រុមទី៣)

– មិនមានរោគសញ្ញារាគ ឬ ទល់ទេ (ក្រុមទី៤)

៣) តើជំងឺខ្សោយពោះវៀននេះមាន លក្ខណៈធ្ងន់ធ្ងរដែរឬទេ?

ជាទូទៅជំងឺខ្សោយពោះវៀន វាមិនមានបង្កជាផលវិបាកធ្ងន់ធ្ងរទេ តែវាមានភាពរំខានខ្លាំងក្នុងជីវភាពរស់នៅរបស់អ្នកជំងឺ។

៤) តើធ្វើយ៉ាងណាដើម្បីអោយដឹងថា អ្នកជំងឺមានជំងឺខ្សោយពោះវៀនពិតប្រាកដមែន?

ជាទូទៅការធ្វើរោគវិនិច្ឆ័យនៃជំងឺខ្សោយពោះវៀន គឺពឹងផ្អែកទៅលើរោគសញ្ញា ដែលផ្តល់ដោយអ្នកជំងឺ យ៉ាងណាម៉ិញ មានជំងឺមួយចំនួនអាចស្តែងចេញរោគសញ្ញាដូចជំងឺខ្សោយពោះវៀនដែរដូចជា ជំងឺរលាកពោះវៀនដោយសារមេរោគដំបៅពោះវៀន និងជំងឺ មហារីកពោះវៀនជាដើម។ ដូចនេះ ដើម្បីធ្វើរោគវិនិច្ឆ័យនៃជំងឺខ្សោយពោះវៀនអោយបានសុក្រិត អ្នកជំងឺគួរតែទៅពិគ្រោះជាមួយ វេជ្ជបណ្ឌិតឯកទេសផ្នែកថ្លើម-ក្រពះ-ពោះវៀន។

៥) តើមានវិធីអ្វីអាចបង្ការជំងឺនេះបានដែរឬទេ?

ជំងឺនេះមិនទាន់មានវិធីបង្ការណាមួយជាក់លាក់ទេ ព្រោះមូលហេតុពិតប្រាកដនៃជំងឺខ្សោយពោះវៀន មិនទាន់បានត្រូវគេរកឃើញនៅឡើយ ប៉ុន្តែគេសង្កេតឃើញថា សុខភាពផ្លូវចិត្តមានការប៉ះពាល់យ៉ាងខ្លាំងទៅលើជំងឺនេះ។ អ្នកដែលមានសម្ពាធការងារ ឬគ្រួសារច្រើន ភាគច្រើនមានបញ្ហានេះជាញឹកញាប់។ អ្នកដែលមានសុខភាពផ្លូវចិត្តល្អ ភាគច្រើនមិនមានបញ្ហានេះទេ។

៦) តើជំងឺខ្សោយពោះវៀនអាច ព្យាបាលជាឬទេ?

ជំងឺខ្សោយពោះវៀនជាជំងឺមួយដែលអាចព្យាបាលជា ប៉ុន្តែអត្រាលាប់ឡើងមកវិញគឺមានកម្រិតខ្ពស់ ការព្យាបាលទាមទារអោយមានការចូលរួមពីអ្នកជំងឺ ដើម្បីកាត់បន្ថយនូវអត្រាលាប់ឡើងមកវិញនេះ។ ដូចបានរៀបរាប់ខាងលើសុខភាពផ្លូវចិត្តជាកត្តាសំខាន់ ដើម្បីការពារកុំអោយលាប់ អ្នកជំងឺចាំបាច់ត្រូវកាត់បន្ថយភាពតានតឹងក្នុងចិត្ត យល់ច្បាស់ពីជំងឺរបស់ខ្លួន និងមានភាពជឿជាក់លើគ្រូពេទ្យ។

៧) តើអ្នកជំងឺខ្សោយពោះវៀន គួរតមអ្វីខ្លះ?

ជាទូទៅចំណីអាហារមិនមែនជាកត្តាបង្កជំងឺខ្សោយពោះវៀននោះទេ ប៉ុន្តែចំណីអាហារមួយចំនួនអាចធ្វើឲ្យមានលេចចេញរោគសញ្ញាខ្សោយពោះវៀនកាន់តែច្បាស់ និងខ្លាំងក្លា។ អ្នកជំងឺម្នាក់ៗអាចឆ្លើយតបទៅនឹងចំណីអាហារខុសៗគ្នាដូចជាៈ

– អ្នកខ្លះញ៉ាំម្ជូរមិនបាន

– អ្នកខ្លះញ៉ាំស៊ុតមិនបាន

– អ្នកខ្លះទៀតញ៉ាំបន្លែមិនបាន

ដូចនេះការតមអាហារគឺធ្វើទៅតាមករណីរបស់អ្នកជំងឺមួយៗ។

បញ្ជាក់៖ ដោយជំងឺខ្សោយពោះវៀនជាជំងឺមួយដែលគេតែងជួបប្រទះញឹកញាប់ តែរោគសញ្ញានៃជំងឺនេះមានការភណ្ឌច្រឡំទៅនិងជំងឺមួយចំនួនដែលអាចមានលក្ខណៈធ្ងន់ធ្ងរ អ្នកជំងឺដែលមានរោគសញ្ញានៃជំងឺខ្សោយពោះវៀន គួរតែជួបពិគ្រោះជាមួយវេជ្ជបណ្ឌិតឯកទេស ផ្នែកថ្លើម-ក្រពះ-ពោះវៀន ដើម្បីធ្វើរោគវិនិច្ឆ័យអោយបាន ច្បាស់លាស់និងទទួលនូវសេវាព្យាបាលអោយបានត្រឹមត្រូវ។

“ ចូលរួមយល់ដឹងអំពីបញ្ហាសុខភាពខ្លួន ដើម្បីសុខុមាលភាពយូរអង្វែង! ”

ប្រភព÷ មន្ទីរពេទ្យកាល់ម៉ែត