មន្ត្រី​សាខា​ ក.ប.ប.​ ខេត្ត​ឧត្ដរមានជ័យ​ បាន​ចុះអង្កេត​ និង​តាមដាន​តម្លៃ​ទំនិញ​ នៅ​ក្នុង​ផ្សារសំរោង​

នៅថ្ងៃទី ១៦ ខែមេសា ឆ្នាំ២០២១ សាខាក.ប.ប.ខេត្តឧត្ដរមានជ័យបានសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្តចុះអង្កេត តាមដាន និងស្រង់តម្លៃទំនិញគ្រឿងឧបភោគបរិភោគ នៅផ្សារសំរោង ដែលមានទីតាំងស្ថិតនៅក្រុងសំរោង ខេត្តឧត្ដរមានជ័យ ក្នុងគោលបំណងដើម្បីចុះស្រង់ និងអង្កេតទៅលើតម្លៃទំនិញ ដែលជាគ្រឿងឧបភោគ បរិភោគ ព្រមទាំងណែនាំដល់អាជីវករលក់គ្រឿងទេស ម្ហូបអាហារ បន្លែ ផ្លែឈើ សាច់ មី ពងមាន់ ជាដេីម​ ដើម្បីកុំឱ្យដំឡេីងថ្លៃទំនិញខ្ពស់ ឬឆ្លៀតឱកាសកេង​ចំណេញ​ហួស​ហេតុ​ ក្នុងពេលដែល​រាជរដ្ឋាភិបាល​កំពុង​តែអនុវត្តវិធានការកាត់ផ្តាច់ការរីករាលដាល​នៃ​ជម្ងឺ​កូវីត​-១៩​ ក្នុង​ព្រឹត្តិការណ៍​ ២០​ កុម្ភៈ​។

ជាលទ្ធផល​ មន្ត្រី​សាខា​ ក.ប.ប.​ បាន​សង្កេត​ឃើញ​ថា​ តម្លៃទំនិញម្ហូបអាហារ និងគ្រឿងឧបភោគបរិភោគនៅផ្សារសំរោង ខេត្តឧត្តរមានជ័យគឺពុំមានការលក់ដំឡេីងថ្លៃឡើយ។ ទន្ទឹម​នឹង​នេះ​ មន្ត្រី​សាខា​ ក.ប.ប.​ ក៏បាន​សំណូមពរ​ដល់​អាជីវករ​ទាំង​អស់​ សូម​មេត្តា​កុំ​ឆ្លៀត​ឱកាស​នេះ​លក់​ទំនិញ​ដោយកេង​ចំណេញ​ហួស​ហេតុ​ពេក​ និង​ចូលរួម​ទាំង​អស់​គ្នា​ក្នុង​ការ​ធ្វើ​អាជីវកម្ម​ប្រកប​ដោយ​សីលធម៌​ និង​សុចរិត​៕