ថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម អញ្ជើញចុះត្រួតពិនិត្យ និងអង្កេតលើតំលៃមុខទំនិញ ម្ហូបអាហារ តាមបណ្តារផ្សារមួយចំនួន ក្នុងរាជធានីភ្នំពេញ

(រាជធានីភ្នំពេញ)៖ នៅរសៀលថ្ងៃសុក្រ ទី១៦ ខែមេសា ឆ្នាំ២០២១ នេះ ឯកឧត្ដម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. បានចូលរួមអមដំណើរ ឯកឧត្តម សុខ សុភ័ក្ត្រ រដ្ឋលេខាធិការ នៃក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានក្រុមការងារចំពោះកិច្ចគ្រប់គ្រង និងតាមដានព័ត៌មានថ្លៃទំនិញនៅលើទីផ្សារ ដើម្បីចុះត្រួតពិនិត្យ ស្រាវជ្រាវ និងស៊ើបអង្កេតករណីការលក់ទំនិញម្ហូបអាហារដែលអាចឆ្លៀតឱកាសដំឡើងថ្លៃ ក្នុងកំឡុងពេលនៃការអនុវត្តវិធានការនៃការបិទខ្ទប់ (Lockdown) ក្នុងរាជធានីភ្នំពេញ។ ប្រតិភូ​របស់ក្រសួងពាណិជ្ជកម្ម បានអញ្ជើញចុះធ្វើការពិនិត្យ និងអង្កេតនៅទីតាំងធ្វើពាណិជ្ជកម្មមួយចំនួនរួមមាន ផ្សារបឹងបៃតង និងផ្សារឈូកមាស ក្នុងខណ្ឌសែនសុខ ក៏ដូចជាផ្សារជម្ពូវ័ន ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ៕