កម្លាំងអន្តរាគមន៍ និងតម្រួតបទបញ្ជា បានចុះល្បាតនៅតាមភូមិដ្ឋាននានា មួយចំនួន ដើម្បីបង្ការ ទប់ស្កាត់ និងហាមឃាត់ការជួបជុំគ្នាផឹកស៊ី និងការចាក់ធុងបាស់រាំលេង

ខេត្តត្បូងឃ្មុំ៖ នៅយប់ថ្ងៃសុក្រ ទី១៦ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ប្រមាណ ២១:៣០នាទី
លោកឧត្តមសេនីយ៍ត្រី ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានដាក់ផែនការឱ្យ លោកវរសេនីយ៍ឯក ជា សុផល នាយ ការិយាល័យអន្តរាគមន៍ និងតម្រួតបទបញ្ជា ចុះល្បាតនៅតាមភូមិដ្ឋាននានា មួយចំនួន ដើម្បីបង្ការ ទប់ស្កាត់ និង ហាមឃាត់ការជួបជុំគ្នាផឹកស៊ី និង ការចាក់ធុងបាស់រាំលេង ដែលមានមនុស្សច្រើន ព្រោះវាអាចបង្កឱ្យមានការឆ្លងរីករាលដាលជំងឺកូវីដ១៩ ។
កម្លាំងល្បាតក៏បានមកដល់ចំណុចភូមិនិគមលើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ក៏បានប្រទះឃើញមនុស្សពីរក្រុម កំពុងតែជួបជុំគ្នាលេងល្បែងស៊ីសង (បៀរ) គ្រាន់តែឃើញរថយន្ត និងកម្លាំងនគរបាលពីចំងាយ ក៏បំបែកគ្នារត់ជែកកជើងបាត់ស្រមោល និងបន្សល់ទុកនៅបៀរ និងសម្ភារៈមួយចំនួននៅទីនោះ ។
ជាមួយនោះផងដែរ លោកនាយការិយាល័យអន្តរាគមន៍ ក៏បានណែនាំដល់បងប្អូនប្រជាពលរដ្ឋ ដែលនៅក្បែរនោះ សូមកុំឱ្យមានការជួបជុំគ្នា ដូចជាការហូបគ្រឿងស្រវឹង ច្រៀង ឬលេងល្បែងផ្សេងៗ ដែលមានមនុស្សច្រើន ព្រោះវាខុសនឹងសេចក្តីប្រកាសលេង ៤៤ សសរ របស់រាជរដ្ឋាភិបាល និងបានផ្សព្វផ្សាយអំពីការឆ្លងរីករាលដាលជំងឺកូវីដ១៩ ដល់ពួកគាត់ ៕