នារីម្នាក់ត្រូវបានសមត្ថកិច្ចនាំមកអប់រំ ក្រោយបង្ហោះរូបភាពផឹកស៊ី ល្មើសនឹងបម្រាមរាជរដ្ឋាភិបាល

ខេត្តបន្ទាយមានជ័យ៖ ដោយមានបទបញ្ជារ និងការណែនាំពី លោកឧត្តមសេនីយ៍ ទោសិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និង លោកឧត្តមសេនីយ៍ ស្នងការរងផែនសន្តិសុខ ក្រោមការដឹកនាំបញ្ជាផ្ទាល់របស់លោកវរសេនីយ៍ឯក គង់ វិនឌី ស្នងការរងទទួលការិយាល័ប្រឆាំងបទល្មើសបច្ចេកវិទ្យាការិយាល័យជំនាញ បានធ្វើការស្រាវជ្រាវ លើអាខោនហ្វេសបុកឈ្មោះ “Kanha Kim” ដែលបានបង្ហោះរូបភាពផឹកស៊ីមានគ្នាច្រើន ។

កាលពីថ្ងៃសុក្រ ៥ កើត ខែពិសាខ ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៤ត្រូវនឹងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ ភ្ជាប់នឹងខ្លឹមសារថា ៖ ” អញផុសទៀតចាំមើលមីអាយះណាវារម៉ាស់កណ្តួយទៀត អញជួបគឺជួប ជូនចំពោះពួកពូកែផ្តល់ពត៌មានពេលមិនជួបមិនផ្តល់ផងពេលជួបដឹងភ្លាម” ដែលទង្វើនេះបានបង្កឲ្យមានភាពចលាចល និងអសន្តិសុខ ដល់សង្គមជាតិ ផ្ទុយពីវិធានការសុខាភិបាល និងអនុសាសន៏ 3កុំ 3ការពារ របស់ប្រមុខរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ជំងឺកូវីដ 19។
ក្រោយពីការិយាល័យជំនាញធ្វើការស្រាវ ជាលទ្ធផលឃើញថា ម្ចាស់អាខោនខាងលើមានឈ្មោះ គឹម កញ្ញា ភេទស្រី អាយុ 36ឆ្នាំ ទីលំនៅ ភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ហើយបានឆ្លើយបំភ្លឺថា រូបភាពដែលបានបង្ហោះខាងលើនេះជារូបភាពចាស់កាលពីអំឡុងខែធ្នូ ឆ្នាំ២០២០ មិនមែនជារូបភាពថ្ងៃខែបង្ហោះនោះទេ។

បន្ទាប់មកការិយាល័យជំនាញបានធ្វើកិច្ចសន្យាអប់រំអំពីវិធានការសុខាភិបាលនិងសូមឲ្យចូលរួមអនុវត្ត 3កុំ 3ការពារ ដើម្បីសុខមាលភាពសាធារណៈ ប្រសិនបើមានការជួបជុំបែបនេះ សមត្ថកិច្ចនឹងអនុវត្តតាមច្បាប់ដោយគ្មានការលើកលែងឡើយ និងបានណែនាំឲ្យបញ្ឈប់សកម្មភាពបង្ហោះរូបផឹកស៊ីចាស់ៗនេះតទៅទៀត ៕

ប្រភព÷ ស្នងការដ្ឋានខេត្តបន្ទាយមានជ័យ