ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យត្រួតពិនិត្យ ការលួចធ្វើដំណើរតាមផ្លូវទឹក

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានធ្វើការណែនាំមួយទៅកាន់អភិបាលរាជធានីភ្នំពេញ ខេត្តកណ្តាល ព្រៃវែង និងកំពង់ចាម ឱ្យពិនិត្យមើលក្រែងមានការលួចធ្វើដំណើរចេញចូលក្នុងភូមិសាស្ត្ររាជធានី ខេត្តទាំងនេះ ដោយប្រើមធ្យោបាយផ្លូវទឹក។

ក្នុងសារសំឡេងណែនាំមួយដែលទទួលបាននៅយប់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ សម្តេចតេជោ បានដាក់ការព្រួយបារម្ភថា ខ្លាចមានការឆ្លងចេញចូលពីរាជធានីភ្នំពេញ ទៅកាន់បណ្តាខេត្តនានា ដោយប្រើមធ្យោបាយផ្លូវ ជាពិសេសតាមរយៈទូកនេសាទ ដែលអាចនាំដល់ការឆ្លងរីករាលដាលជំងឺកូវីដ១៩។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន កាលពីយប់ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១កន្លងទៅនេះ បានសម្រេចបិទការធ្វើដំណើរឆ្លងកាត់ពីរាជធានីភ្នំពេញ ទៅកាន់បណ្តាខេត្តនានា ក៏ដូចជាការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅកាន់ខេត្តមួយទៀតផងដែរ។ ការហាមឃាត់នេះមានរយៈពេលពីរសប្តាហ៍ដោយរាប់ចាប់ពីថ្ងៃទី០៧ ខែមេសា រហូតដល់ថ្ងៃទី២០ ខែមេសា។

សម្តេចតេជោ ក៏ធ្លាប់បានលើកឡើងដែរថា ប្រសិនបើការហាមឃាត់ធ្វើដំណើរឆ្លងកាត់ខេត្តរយៈពេលពីសប្តាហ៍នេះហើយ ជំងឺកូវីដ១៩ មិនមានស្ថានភាពថមថយទេនោះ សម្តេចនឹងពិចារណាពន្យារពេលវិធានការនេះបន្តទៀត៕