មិនធម្មតាទេ មុខសញ្ញាលួចម៉ូតូម្នាក់ត្រូវឃាត់​ខ្លួនបានខណៈដែលរូបគេបាន វាយមកលើសមត្ថកិ​ច្ចនគរបាលរហូតបណ្តាលឱ្យមន្រ្តីនគរបាលម្នាក់​បាក់ឆ្អឹងម្រាមដៃ

បាត់ដំបង÷ នៅយប់ថ្ងៃទី ១៩ ខែ មេសា ឆ្នាំ ២០២១ វេលា​ម៉ោង ០៣និង១០ នាទី រំលងអាធ្រាត្រ នៅចំណុ​ចភូមិវត្តរំដួល សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង អនុវត្តតាមបទបញ្ជារបស់លោកឧត្ដមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចជាមតិរបស់ លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរង ផែនការងារនគរបាលព្រហ្មទណ្ឌ និងដោយបានការសម្របសម្រួលលើនីតិវិធីពី ឯកឧត្តម គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញា នៃអយ្យការអមសាលា​ដំ​បូងខេត្តបាត់ដំបង លោកវរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានដឹកនាំកម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រាប ចុះប្រតិបត្តិការ បង្ក្រាបឃាត់ខ្លួនជនសង័្សយម្នាក់ក្នុងករណី លួច (យកម៉ូតូ ) របស់ជនរងគ្រោះកាលពីយប់ថ្ងៃទី ១៨ខែ មេសា ឆ្នាំ ២០​២១ មកកាន់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងដើម្បីធ្វើការស្រាវជ្រាវ។

ជនសង័្សយឈ្មោះ ភាព សុភា ហៅ តូច ភេទប្រុ​ស អាយុ ២៥ ឆ្នាំ មានទីលំនៅមិនពិតប្រាកដ ខ​ណៈពេលដែលសមត្ថកិច្ចឃាត់ខ្លួននេះគឺជនសង័្សយស្ថិតនៅតាមផ្លូវសាធារណៈមួយ ក្នុងមូលដ្ឋានខាងលើ ដោយនៅជាប់នឹងខ្លួនមានម៉ូតូ ០១ គ្រឿងម៉ាកហុងដាឌ្រីម សេ ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ ២០១២ បិតតែម ឆ្នាំ ២០១៥ គ្មានស្លាកលេខ​(ជា​របស់ជនរងគ្រោះ)និងជាភស្តុតាងនៃអំពើល្មើសច្បាប់។

សូមជម្រាបជូនថា កាលពីថ្ងៃទី ១៨ ខែ មេសា ឆ្នាំ ២០២១ វេលាម៉ោង ១៩និង៤០ នាទី នៅចំណុចភូមិអូរចារ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់​ដំបង ខណៈដែលជនរងគ្រោះឈ្មោះ ហួន យឿម ភេទប្រុស អាយុ ៦០ ឆ្នាំ មានទីលំនៅ ភូមិអូរចារ សង្កាត់ អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំ​បង ឈប់ម៉ូតូតាមផ្លូវហើយចូលទៅបត់ជើងតូច​នៅមិនឆ្ងាយប៉ុន្មានពីម៉ូតូ ដោយមិនបានដកសោរចេញពីម៉ូតូ ក៏ស្រាប់តែជនសង័្សយបានលួចម៉ូតូបញ្ឆេះជិះយកទៅបាត់តែម្តង ។ នៅក្រោយពេលកើតហេតុ ជនរងគ្រោះបានប្តឹងដល់សមត្ថកិច្ចនគរបាល ដើម្បីស្រាវជ្រាវ រកជន សង័្សយដើម្បីផ្តន្ទាទោសតាមច្បាប់ ហើយឆ្លងតាមរយៈនៃការ​សា្រវជ្រាវ ដោយមានការចូលរួមពីមហាជននៅ​ចំណុច កើតហេតុនោះផងទើបសមត្ថកិច្ចកំណត់​បានអំពីមុខសញ្ញានេះ រហូតឈានទៅធ្វើការឃាត់ខ្លួនបាន នារាត្រីថ្ងៃទី ១៩ ខែ មេសា ឆ្នាំ ២០២១។

នៅក្នុងកិច្ចប្រតិបត្តិការឃាត់ខ្លួននេះ ជនសង័្សយ​បានធ្វើសកម្មភាពវាយតប់តបតមកលើសមត្ថកិច្ចនគរបាល រហូតបណ្តាលឱ្យលោក ព្រិន្ទបាលទោ សុង ហាក់ ដែលស្ថិតក្នុងកិច្ចប្រតិបត្តិការ​នោះទទួលរងរបួសបាក់ឆ្អឹងម្រាមដៃខាងឆ្វេង ដែលតម្រូវឱ្យធ្វើការព្យាបាល ។

នៅក្រោយពេលសាកសួរ ជនសង័្សយបានទទួលសារភាពអំពីអំពើល្មើសរបស់ខ្លួនហើយពេលេនេះ មន្ត្រីការិយាល័យជំនាញបានរៀបចំ កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងចាត់ការបន្តតាមនីតិវិធី៕